(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ និងសហការី នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទ័លក្រ ចាស់ ជរា គ្មានទីពឹង ចំនួន៥១គ្រួសារ ដែល មកពី៨ភូមិ ក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានឲ្យដឹងថា ថ្វីត្បិតតែអំណោយ ដែលបានចែកជូននៅពេលនេះ វាតិចតួចក៏ពិតមែន ប៉ុន្តែក៏អាចជួយដោះ ទុក្ខលំបាក របស់បងប្អូនមួយកម្រិតផងដែរ។
លោកប្រធានអនុសាខា បន្ថែមថា ជីវិតរស់នៅត្រូវតែមានការតស៊ូ និងព្យាយាម ចូលបងប្អូនកុំអស់សង្ឃឹម ចំពោះភាពក្រីក្រលំបាករបស់ខ្លួន ពិសេសបងប្អូនដែលជាពិការជន ព្រោះថាគ្មាននរណាកើតមក មិនជួបការលំបាកឡើយ ប៉ុន្តែយើងត្រូវជំនះវាឲ្យបាន ដើម្បីបន្តជីវិតរស់ទៅមុខទៀត និងដើម្បីមានជីវិតនៅជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។
ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានោះ លោកអភិបាលរងខណ្ឌ ក៏បានថ្លែងអំណរព្រះគុណ ចំពោះព្រះគ្រូ បច្ឆឹមវាសី ថៃ ប៊ុនធឿន ព្រះ ចៅអធិការវត្តចង្រ្កាន តាព្រហ្មស្ទឹងមានជ័យ។ ព្រះគ្រូសិរីមុនី យឹម ឯកវុត្ថា ព្រះលាខាអនុគណខណ្ឌមានជ័យ និង គ្រូសូត្រស្តាំវត្តចង្រ្កាន តាព្រហ្ម ស្ទឹងមានជ័យ។
ព្រះសាសនវេទី ព្រហ្មចំរើន ព្រះរាជាគនណៈថ្នាក់កិត្តិយសទីប្រឹក្សាផ្ទាល់ សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ជំនួយការសាលាគណសាលារាជធានីភ្នំពេញ និងជាគ្រូសូត្រឆ្វេងវត្តចង្រ្កាន តាព្រហ្មស្ទឹងមានជ័យ។ ព្រះគ្រូជោតិញញ្ញោភតោ សុវណ្ណញាណឈាក ដែលគង់នៅវត្ត ចង្រ្កានតាព្រហ្មស្ទឹងមានជ័យ តែងតែបានបរិច្ចាគនូវទេយ្យ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ។
នាឱកាសនោះ ព្រះគ្រូបច្ឆឹមវាសី ថៃ ប៊ុនធឿន ព្រះចៅអធិការវត្ត ចង្រ្កានតាព្រហ្មស្ទឹងមានជ័យ បានមានព្រះថេរដីការ កោតសរសើរគាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយជានិច្ច ក្នុងការចូលរួមចំណែកផ្សារភ្ជាប់ ជាមួយ សកម្មភាពមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ។
អំណោយដែលត្រូវបានផ្តល់ជូនរួមមាន៖ អង្ករ១បាវ, ៣០គីឡូ, ទេយ្យវត្ថុ១កញ្ចប់ មានដូចជា តែ, ស្ករស, ទឹកដោះគោ, ធូប, ទៀន រួមទាំងថវិកា២០,០០០រៀល ក្នុងមួយគ្រួសារសរុបថវិកា១លាន ២ម៉ឺនផងដែរ៕