(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ជា ពិសី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានក្រើនរំឭកមន្ត្រី ជាសមាជិកកាកបាទក្រហម សង្កាត់-ភូមិ ឲ្យជួយផ្ដល់សេចក្ដីរាយការណ៍អំពីស្ថានភាពជាក់ស្ដែងពិតប្រាកដ របស់ប្រជាពលរដ្ឋងាយរងគ្រោះនៅតាមមូលដ្ឋាន ដើម្បីមានវិធានការរិះរកដំណោះស្រាយ ជូនឲ្យទាន់ពេលវេលា ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងការឆ្លើយតបតាមការដឹកនាំចង្អុលបង្ហាញពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
នេះបើតាមការបញ្ជាក់ឲ្យបានដឹងពីលោក ប៊ុន ថៃរ៉ូត មន្ត្រីជំនួយការលោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ នៅក្នុងពេលដែលលោកស្រី អញ្ជើញជាមួយលោកស្រី សួស សូលីដា ចុះសួរសុខទុក្ខដោយនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាអនុសាខាខណ្ឌ ដើម្បីឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង និងអ្នកមានជំងឺរស់នៅក្នុងសង្កាត់ប្ញស្សីកែវ នាល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩។
ក្នុងពិធីមនុស្សធម៌នេះ ក្រៅពីលោកស្រី អាន ផល្លា ជាពិសី ក្រើនរំឭកមន្ត្រីជាសមាជិកកាកបាទក្រហមកម្ពុជាសង្កាត់-ភូមិ ឲ្យជួយផ្ដល់សេចក្ដីរាយការណ៍អំពី ស្ថានភាពជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋងាយរងគ្រោះ នៅតាមមូលដ្ឋាននានា ដើម្បីមានវិធានការរិះរកដំណោះស្រាយជូនឲ្យទាន់ពេលវេលា ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
លោកស្រីក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនប្រកាន់ពីពូជសាស ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ពីព្រោះសុខទុក្ខរបស់ប្រជាជនកម្ពុជា គឺជាសុខទុក្ខរបស់លោកទាំងទ្វេរ៕