(កំពង់ចាម)៖ បន្ទាប់ពីខ្យល់កន្ដ្រាក់កាលពីយប់មិញនេះ ដោយបណ្ដាលឱ្យអគារសិក្សាមួយខ្នងដួលរលំទាំងស្រុងតែម្ដង ស្ថិតនៅសាលាបឋមសិក្សាប្រខ្នោរ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម, ភ្លាមៗនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ ចុះទៅពិនិត្យភ្លាមៗ និងសម្រេចជួយកសាងអគារសិក្សាថ្មី១ខ្នង ដែលធ្វើពីថ្មប្រក់ក្បឿង ស្មើ៤បន្ទប់ភ្លាម។
ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពបាក់បែកនៃអគារសិក្សា ដែលរងការវាយប្រហាដោយបាតុភូតធម្មជាតិខ្យល់កន្ត្រាក់នេះ លោកបណ្ឌិត ម៉ា ឈឿន បានសំដែងការសោកស្តាយ ចំពោះការខូចខាតអគារសិក្សានេះ បង្ករឲ្យប៉ះពាល់ដល់កង្វះខាតការសិក្សារៀនសូត្រ របស់ក្មួយៗសិស្សានុសិស្ស។
ទន្ទឹមនឹងនោះ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានណែនាំដល់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ត្រូវមានការប្រុងប្រយ័ត្ន បើមានភ្លៀងផ្គរ ឬខ្យល់កន្ត្រាក់ជាយថាហេតុដូចយប់មិញនេះ ជាពិសេសក្នុងពេលដែលសិស្ស កំពុងសិក្សារៀនសូត្រ ត្រូវនាំសិស្សចាកចេញពីកន្លែងហានិភ័យ ទៅរកទីកន្លែង ដែលមានសុវត្ថិភាព ដើម្បីបង្ការកុំឲ្យកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។
លោកបណ្ឌិត ក៏បានក្រើនរំលឹក ដល់អាជ្ញាធរ និងសមត្ថកិច្ចនៅគ្រប់មូលដ្ឋាន ត្រូវតាមដានបញ្ហាអាកាសធាតុ ឲ្យបានដិតដល់ ត្រូវប្រញាប់ប្រញាល់រូតរះ ចុះជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ខណៈដែលប្រជាពលរដ្ឋទទួលរងគ្រោះដោយបាតុភូតធម្មជាតិទាំងឡាយ។
ជាមួយគ្នានោះ លោក សៀង ស៊ន នាយកស្តីទីសាលាបឋមសិក្សាប្រខ្នោរ បានឲ្យដឹងថា នៅវេលាម៉ោង៧៖២០នាទីយប់ ថ្ងៃទី២ឧសភា ម្សិលមិញនេះ មានបាតុភូតភ្លៀងផ្គរលាយលំ និងខ្យល់កន្ត្រាក់ បានបក់បោកបំផ្លាញខ្ទិចនូវអគារសិក្សា ឈើប្រក់ក្បៀង១ខ្នង ស្មើ៤បន្ទប់ កសាងកាលពីអំឡុងឆ្នាំ១៩៩៧។
លោកបានឲ្យដឹងទៀតថា ពីមុនសាលានេះ មានអាគារសិក្សា២ខ្នង ដែលបានសម្រួលដល់ការរៀនសូត្រ របស់សិស្ស១ពេលក្នុង១ថ្ងៃ។ ប៉ុន្តែបន្ទាប់ពីអាគារនេះ មានស្ថានភាពចាស់ទ្រុឌទ្រោមពេក គណៈគ្រប់គ្រងសាលា បានសម្រេចផ្អាក មិនឲ្យបង្រៀននៅអាគារនេះ ប្រមាណ៣ឆ្នាំមកហើយ។ សព្វថ្ងៃនេះ សាលា មានតែអាគារសិក្សា១ខ្នងស្មើរ៦បន្ទប់ប៉ុណ្ណោះ មិនសមស្របទៅនឹងចំនួនសិស្ស ដែលមានរហូតទៅដល់ជិត៣០០នាក់។
លោក សៀង ស៊ន ក្នុងនាមលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស បានថ្លែងអំណរគុណដល់លោកបណ្ឌិត ម៉ា ឈឿន ដែលជាតំណាងរាស្ត្រមួយរូប ដែលតែងបានផ្សារភ្ជាប់សុខទុក្ខជាមួយរាស្ត្រគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រា ដែលប្រជាពលរដ្ឋជួបបញ្ហា គឺតែងមានមុខជានិច្ច ចុះជួបសួរសុខទុក្ខ និងជួយដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋ។
ជាពិសេស នៅថ្ងៃនេះតែម្ដង បន្ទាប់ពីទទួលបានដំណឹង អំពីខ្យល់ព្យុះ បានបំផ្លិចបំផ្លាញអាគារសិក្សាមួយខ្នង ក៏មានវត្តមាន លោកបណ្ឌិត ម៉ា ឈឿន បានអញ្ជើញចុះមកដល់ទីកន្លែងផ្ទាល់ ដើម្បីបានសួរនាំអំពីស្ថានភាពនៃគ្រោះមហន្តរាយនេះ និងបានជួយកសាងអាគារថ្មីសន្លាង១ខ្នង៤បន្ទប់ឡើងវិញ ដើម្បីជួយសម្រួលការសិក្សារៀនសូត្ររបស់សិស្ស កុំឲ្យជួបការលំបាកតទៅទៀត៕