(កោះកុង)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ បានជំរុញដល់កម្មករ-កម្មការិនី ពិសារទឹកឲ្យបានច្រើនដើម្បីសុខភាព ព្រោះអាកាសធាតុក្តៅខ្លាំង។
ថ្លែងនៅក្នុងឱកាសនៃការប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារក្រោមប្រធានបទ «សុវត្តិភាព និងសុខភាពការងារ និងអនាគតការងារ» លោកក៏បានជំរុញឲ្យនាយកក្រុមហ៊ុន ផ្តោតសំខានលើកកម្មករកម្មការិនីក្នុងកន្លែងធ្វើការផងដែរ។
លោក អ៉ិត សំហេង បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «សូមឲ្យបងប្អួនកូនក្មួយ ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯងឲ្យច្រើន ដោយត្រូវពិសារទឹកឲ្យច្រើន ដើម្បីកាត់បន្ថយកំដៅក្នុងខ្លួន ព្រោះអាកាសធាតុក្តៅខ្លាំងហេតុនេះយើងគួរប្រុងប្រយ័ត្ន។ បើយើងមានជំងឺវាខាតបង់ច្រើន ហេតុដូច្នេះលោកសូមនាយកក្រុមហ៊ុន ត្រូវមើលពីបរិយាកាសកន្លែងធ្វើការរបស់កម្មករកម្មការិនី ឲ្យមានខ្យល់ចេញចូល និងទឹកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់»។
លោកបានថ្លែងបន្តថា នៅក្នុងឆ្នាំ២០១៩ ឃើញថាកម្មករកម្មការិនីមានការកាត់បន្ថយច្រើនក្នុងការដួលសន្លប់ ហើយការជួបគ្រោះថ្នាក់ចរាចរណ៍ ចំពោះកម្មករកម្មការិនីក៏មានការថតចុះដែរ។ លោកបានការកោតសសើរចំពោះរថយន្តដឹកជញ្ជូនកម្មករកម្មការិនី ដែលរៀបចំឡើងបានល្អ ហើយការបើកបរគោរពច្បាប់ចរាចរណ៍បើកក្នុងល្បឿនល្មមៗ ព្រោះលោកបានឈរមើលហើយ ក្នុងការធ្វើដំណើររបស់កម្មករកម្មការិនី៕