(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសាលារៀនទន្សាយ អង្គការស៊ីស៊ីហ្វេស អង្គការខេ និងឪពុកម្តាយជនពិការខ្សោយសតិបញ្ញា បានព្រមព្រៀងរួមគ្នាពង្រឹងបន្ថែម លើការសិក្សាអប់រំ និងជួយដល់កុមារកំព្រាខ្សោយសតិបញ្ញា។
ជាមួយគ្នានោះ ក្រសួងសង្គមកិច្ច បានបង្ហាញជំហរថា ទាំងក្រសួងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រចំពោះអង្គការជាតិ អង្គការអន្តរជាតិ ដែលមានបំណងជួយ និងធ្វើសកម្មភាពមនុស្សធម៌ជាមួយកុមារនៅកម្ពុជា។
ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សា ដែលដឹកនាំដោយលោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច តំណាងរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយលោក ហ៊ុន តូច តំណាងអង្គការសាលារៀនទន្សាយ សាលារៀនទន្សាយ អង្គការស៊ីស៊ីហ្វេស អង្គការខេ និងងតំណាងឪពុកម្តាយជនពិការខ្សោយសតិបញ្ញា រៀបចំធ្វើនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។
ក្រៅពីការពិភាក្សាលើសកម្មភាពការងារ ដែលពាក់ព័ន្ធនឹងការជួយកុមារកំព្រាក្រីក្រខ្សោយសតិបញ្ញា នៅតាមសហគមន៍ និងមណ្ឌលរួចមក ភាគីក្រសួងសង្គមកិច្ច និងសាលារៀនទន្សាយ បានពិភាក្សាគ្នាលើការការផ្លាស់ប្តូរទីតាំងថ្មីរបស់អង្គការ និងសាលារៀនទន្សាយ ថាតើគួរប្តូរនៅពេលណា និងកន្លែងណា ដែលសក្តិសមឲ្យក្មេង ដែលខ្សោយសតិបញ្ញា អាចបន្តការរៀនសូត្របាន? ការពិភាក្សាលើការប្តូរទីតាំងនេះ គឺក្នុងន័យជួយដល់គ្រួសារ ដែលមានកូនខ្សោយសតិបញ្ញានេះបន្តទៀត។
លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងបន្ថែមថា ក្រសួងសង្គមកិច្ច មានជំហរចង់ឲ្យអង្គការត្រៀមលក្ខណៈ រកទីតាំងថ្មីដោយហេតុផលថា នៅក្នុងបុរីទារក និងកុមារជាតិ មានទារកតូចៗជាច្រើន ដែលត្រូវបញ្ជូនមកក្រសួង សុទ្ធតែជាក្មេងដែលមានបញ្ហា ដែលឪពុកម្តាយបោះបង់ ហើយមិនដឹងយកទៅទុកទីណា ទើបខាងក្រសួងបានពង្រីក រកទីតាំងដែលធំទូលាយ ដើម្បីដាក់ពួកគាត់ ព្រោះវាជាជំរើសចំបាច់សំរាប់ក្រសួង។
លោកបានបន្តថា ក្រសួងឲ្យសាលាទន្សាយ ត្រៀមរកទីតាំងថ្មីក្រៅពីទីតាំងចាស់ ប៉ុន្តែមិនមែនបោះបង់ចោលកិច្ចសហប្រតិបត្តិការ និងការគាំជាមួយក្រសួងទេ។ ជាមួយគ្នានេះ លោកសុំកុំឲ្យសាលាទន្សាយមានការបារម្ភ ចំពោះការប្តូរទីតាំង ព្រោះថា ទោះបី ក្រសួងអនុញ្ញាតឲ្យនៅក្នុងឆ្នាំនេះ ក៏នឹងមានការប្រែប្រួលដែរនៅឆ្នាំបន្ទាប់ ប៉ុន្តែអ្វីដែលសំខាន់ គឺត្រូវទៅសិក្សារកទីតាំងឲ្យឃើញ និងពិភាក្សាជាមួយក្រសួងបន្តថា ចង់បានការគាំទ្រអ្វីខ្លះពីក្រសួង នេះជាចំណុចសំខាន់សំរាប់អង្គរការ ដែលលោកបានលើកពាក្យស្លោកថា «បើចាស់មិនទៅ ថ្មីម្តេចនឹងមក»។
ជាមួយគ្នានោះ លោក ហ៊ុន តូច បានថ្លែងអំណរគុណ ចំពោះក្រសួងមានយកចិត្តទុក និងគាំទ្រកន្លងមកនូវកិច្ចការ ដែលអង្គការស្នើសុំ និងសុំពេលវេលាគិតពិចារណាថា ត្រូវរើសយកទីតាំងណាដែលសក្តិសម៕