(ប៉េកាំង)៖ ការថែរក្សានិងប្រកាន់ខ្ជាប់នូវប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិគឺជាការចូលរួមចំណែកមួយដ៏ធំធេងក្នុងការលើកតម្កើងព្រលឹងវប្បធម៌ជាតិ។
ដូចពាក្យបុរាណពោលថា «វប្បធម៌រលត់ជាតិរលាយ»។ ប៉ុន្តែសេចក្តីបដិបត្តិទំនៀមទម្លាប់ទាំងឡាយណាដែលនាំឱ្យមានដំណើរអវកុដារ (ជាទំនាស់នឹងគ្នា) និងជាបន្ទុកដល់អ្នកអនុវត្តនោះ យើងគួរតែកែលម្អនូវចំណុចខ្វះខាត ឬអវិជ្ជមានទាំងនោះចេញ ដើម្បីឧត្តមភាព និងវឌ្ឍនភាពជារួម។
បញ្ជាក់ថា ប្រទេសកម្ពុជាមានពិធីប្រពៃណី ជំនឿសាសនា និងបុណ្យទានជាច្រើនដែលប្រជាជនខ្មែរប្រតិបត្តិ និងប្រារព្ធវិលជុំពេញមួយឆ្នាំ។ កម្មវិធីដ៏ច្រើននេះ បានក្លាយជាបន្ទុកសម្រាប់ប្រជាជនដែលមានចំណូលទាប និងមធ្យមទៅវិញ។ ជាបន្ទុកពីព្រោះកម្មវិធីខ្លះ បានក្លាយទៅជាកាតព្វកិច្ចសង្គម ដែលទាមទារឱ្យទាំងអ្នកប្រារព្ធ និងអ្នកចូលរួមប្រារព្ធត្រូវបំពេញ ដើម្បីទទួលបានការរាប់អាន និងការទទួលស្គាល់ពីសង្គម។
ឧទាហរណ៍ យុវជន និងយុវនារីស្រឡាញ់ និងរួមរស់នៅជាមួយគ្នាដោយមិនបានរៀបអាពាហ៍ពិពាហ៍នឹងត្រូវគេហៅថា៖ «ទុំមុនស្រគាល» ឬ «ឥតខាន់ស្លា»។ ការលើកឡើងនេះ ពុំមែនលើកទឹកចិត្តយុវជនឱ្យរួមរស់ជាមួយគ្នាដោយមិនឆ្លងកាត់ការរៀបអាពាហ៍ពិពាហ៍នោះទេ តែបើតាមផ្លូវច្បាប់ពិធីមង្គលការទំនងគ្រាន់តែជាការជប់លៀងមួយតែប៉ុណ្ណោះ ឯការដែលអាចក្លាយជាស្វាមី ភរិយាស្របច្បាប់បាន ល្គឹកណាគូស្វាមីភរិយាព្រមព្រៀងចុះសំបុត្រអាពាហ៍ពិពាហ៍ (អ៉ីតាស៊ីវិល) នៅចំពោះមុខអាជ្ញាធរឃុំ/សង្កាត់ជាដើម។ ចំពោះការរៀបចំពិធីមង្គលការមួយតម្រូវឱ្យមានការចំណាយដ៏ច្រើនលើសលប់ទាំងទ្រព្យធន និងពេលវេលា។ ចាស់ពីដើមលោកថា «ការកូនមួយ ក្របីឆ្នាំ»។
នៅឆ្នាំ២០១៥ មានការសិក្សាមួយដែលបានសម្ភាសអ្នកធ្លាប់បានរៀបចំពិធីមង្គលការចំនួន១២១នាក់ ហើយភាគច្រើនជាអ្នកមានចំណូលចន្លោះពី ១៥០-៣០០ដុល្លារក្នុងមួយខែ។ ការសិក្សានោះបានបង្ហាញថា ៥២.៨៥% នៃអ្នកធ្លាប់បានរៀបចំពិធីមង្គលការសុទ្ធតែបានចំណាយលើសពី ៥,០០០ ដុល្លារ។ យ៉ាងហោចណាស់ ១៧.៤% នៃអ្នកទាំងនោះបានចងការ ឬខ្ចីប្រាក់គេបន្ថែម ដើម្បីយកមករៀបចំពិធីមង្គលការ។
ក្រោយពីទូទាត់ការចំណាយលើកម្មវិធីរួចប្រហែល ២៣.២% នៃពួកគាត់បានបញ្ជាក់ថា ខាត (ជំពាក់គេ)។ ដំណាលគ្នានេះដែរ ក៏មានការសិក្សាមួយទៀត ដើម្បីស្វែងយល់ពីការចំណាយរបស់អ្នកចូលរួមវិញម្តង។ ការសិក្សានេះ មានអ្នកចូលរួមឆ្លើយសំណួរចំនួន ៣៩៨នាក់ និងភាគច្រើនជាមន្ត្រីីរាជការ ២២.៩% និស្សិត ២៧.១% និងបុគ្គលិកក្រុមហ៊ុន ៤០.២%។ ៣៨.២% នៃអ្នកឆ្លើយសំណួរបានបញ្ជាក់ថា ទទួលបានការអញ្ជើញលើសពី៣ដងក្នុងមួយខែ ហើយ ៥០.៣% នៃពួកគាត់ថា បានចំណាយតិចបំផុតប្រមាណ ១៥-២០ដុល្លារក្នុងមួយកម្មវិធី ចំណែកឯ ៤២.៥% ទៀតថា បានចំណាយលើសពី ២៥ដុល្លារក្នុងមួយកម្មវិធី។
ដូច្នេះ ៩២.៨% នៃពួកគាត់ត្រូវចំណាយលើកម្មវិធីមង្គលការ ជាមធ្យមចន្លោះពី ៤៥-៧៥ដុល្លារក្នុងមួយខែ នេះមិនទាន់គិតលើការចំណាយតុបតែងខ្លួន និងសោហ៊ុយធ្វើដំណើរមកចូលរួមផង ខណៈ ៧២.៨% នៃពួកគាត់គឺមានចំណូលតិចជាង ៣៥០ដុល្លារក្នុងមួយខែ។ ទន្ទឹមនឹងនេះដែរ ៦៣.៥% នៃអ្នកចូលរួមឆ្លើយសំណួរទាំងអស់បានអះអាងថា ពួកគាត់ត្រូវរ៉ាប់រងបន្ទុកចំណាយផ្សេងៗទៀត ដូចជាការហូបចុក និងការស្នាក់នៅជាដើម គឺលើសពី ១៥០ដុល្លារក្នុងមួយខែ។
ប្រសិនបើយើងគិតឱ្យលម្អិតជាងនេះបន្តិច យើងនឹងឃើញថា ពួកគាត់នៅសល់ប្រាក់តិចតួចណាស់ដើម្បីសន្សំ ឬបម្រុងទុកសម្រាប់បង្ការហានិភ័យផ្សេងៗដូចជាបញ្ហាសុខភាពជាដើម ខណៈប្រជាជនកម្ពុជានៅមានចំនួនតិចតួចនៅឡើយដែលមានប័ណ្ណធានារ៉ាប់រងសុខភាព។
ការចំណាយដ៏ច្រើនលើសលុបនេះអាចចាត់ទុកថា ជាបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជនកម្ពុជាមួយចំនួនធំ ដែលនៅមានចំណូលទាប។ ក្រោយពីរៀបមង្គលការចប់ ឪពុកម្តាយមួយចំនួនពុំមានលទ្ធភាពចែកដើមទុន (កេរមរតក) ជូនកូនដើម្បីប្រកបមុខរបររកស៊ីនោះទេ តែពួកគាត់ក្លាយជាកូនបំណុល និងត្រូវខំរកលុយ ដើម្បីដោះបំណុលគេទៅវិញ។ ខណៈអ្នកដែលត្រូវគេអញ្ជើញភាគច្រើនក៏ពិបាកចិត្ត និងរអ៊ូរទាំអំពីការទទួលបានការអញ្ជើញច្រើនពេកក្នុងមួយខែៗ។
អ្នកខ្លះថតសំបុត្រអញ្ជើញរអ៊ូដាក់ហ្វេសប៊ុក ឯអ្នកខ្លះទៀតថា «ធៀបការប្រហារប្រាក់ខែ» ឬ «ចុងខែស៊ីសៀង»។ល។ តើអាចទេប្រសិនបើយើងត្រឹមតែរៀបចំពិធីមង្គលការមួយដែលមានលក្ខណៈសាមញ្ញ មិនចាំបាច់ចំណាយច្រើនពេក លើម្ហូបថ្លៃៗ ស្រាល្អៗ ហាងទំនើបៗ និងភ្ញៀវរាប់រយ ឬពាន់នាក់ជាដើម?
ពិតណាស់ថានេះ ជាសិទ្ធិសេរីភាព ហើយអាចជាកិត្តិយស ឬមុខមាត់ចំពោះការធ្វើពិធីដ៏ហ៊ឹកហ៊ាក់ តែការរត់ប្រណាំង និងការបង្អួតគ្នា ដោយផ្តោតការចំណាយដ៏ធំសម្បើមតែលើសម្ភារៈ ម្ហូបស្រា និងចំនួនភ្ញៀវដ៏ច្រើន ហាក់ពុំបានចំណេញអ្វីច្រើនដល់គូស្វាមីភរិយាថ្មីថ្មោង ឬជួយលើកតម្កើងប្រពៃណីប៉ុន្មាននោះទេ។ អ្វីដែលសំខាន់នោះ គឺយើងប្រារព្ធពិធីត្រឹមត្រូវតាមប្រពៃណីទំនៀមទម្លាប់ និងប្រាថ្នាចង់ឱ្យគូស្វាមីភរិយាថ្មីអាចរស់នៅមានសុភមង្គល និងថែរក្សាគ្នាយូរអង្វែង៕
ដោយ៖ យ៉េន យ៉ាត អ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ ប៉េកាំង
អ៊ីម៉ែលៈ [email protected]