(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគពាក់ព័ន្ធពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្រកាសអនុម័តជាគោលការណ៍លើសេចក្តីព្រាងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ជំនាន់ទី៤ ជាមួយតារាងសកម្មភាព ឆ្នាំ២០១៩-២០២៣ និងបានស្នើតំណាងអន្តរក្រសួង ចូលរួមអនុវត្តន៍ និងតាមដានរួមគ្នា ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់។
ការប្រកាសរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងអនុម័ត ឯកសារព្រាង CTIS ឆ្នាំ២០១៩-២០២៣ ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា រួមតំណាងវិស័យឯកជន ប្រមាណជាង ១០០នាក់។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណតំណាងអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមផ្តល់មតិ និងធាតុចូលល្អៗ ដល់ក្រុមការងារបច្ចេកទេស ដើម្បីចងក្រងឯកសារទស្សនាទាន (Concept Note) នៃយុទ្ធសាស្ត្រ CITS និងជំពូកនីមួយៗ តាំងពីដំណាក់កាលដំបូង រហូតសម្រេចបាននូវសេចក្តីព្រាងយុទ្ធសាស្ត្រ ប្រកបដោយខ្លឹមសារសំខាន់ថ្ងៃនេះ។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ សម្រាប់វិស័យពាណិជ្ជកម្មជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាតត ដែលកម្ពុជាចាំបាច់ត្រូវត្រៀមខ្លួន និងបន្តធ្វើកំណែទម្រង់បន្ថែមទៀត ដើម្បីពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់ខ្លួន សំដៅធ្វើពិពិធកម្មទីផ្សារព្រមទាំងផលិតផលថ្មីៗ ដែលមានសក្តានុពលនាំចេញខ្ពស់ ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងសេចក្តីព្រាងឯកសារ CTIS ជំនាន់ទី៤។
«ឯកសារយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី៤ ២០១៩-២០២៣ មិនមែនសម្រាប់តែក្រសួងពាណិជ្ជកម្មតែម្នាក់ឯងនោះទេ ប៉ុន្តែជាយុទ្ធសាស្ត្ររួម ដែលទាមទាឱ្យក្រសួង-ស្ថាប័នទាំងអស់ សហការគ្នាអនុវត្តន៍ ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ក្នុងបរិបទបច្ចុប្បន្ន និងអនាគត» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
សូមជម្រាបថា ប្រធានបទចម្បងសម្រាប់ការធ្វើបច្ចុប្បន្នភាពឯកសារ CTIS ជំនាន់ទី៤ ឆ្នាំ២០១៩-២០២៣ ផ្តោតលើចំនុចសំខាន់ចំនួនពីរគឺ៖ ១.ពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីគាំទ្រដល់ការវិវត្តចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និង ២.ទាញយកផលប្រយោជន៍ពីប្រភពកំណើនថ្មី ជាពិសេសសេវាកម្ម និងបដិវត្តន៍ឧស្សាហកម្មទី៤ (Industrial Revolution 4.0)៕