Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិទ្យុទាក់ទងជិត២០០គ្រឿង អំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានប្រគល់ជូនកងកម្លាំងនគរបាល ក្នុងខេត្តស្វាយរៀង

03-05-2019 15:43

(ស្វាយរៀង)៖ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើពិធីប្រគល់វិទ្យុទាក់ទងម៉ូដែល Motorola 4GLTE ស៊េរីទំនើបចំនួន ១៧៥គ្រឿង សរុបជាទឹកប្រាក់ប្រមាណ ១៩,២៥០ដុល្លារអាមេរិក ដែលជាអំណោយរបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់អង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ពិធីប្រគល់នេះ បានធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ទោ កឹង ឃន បានឲ្យដឹងថា វិទ្យុទាក់ទងដែលត្រូវចែកជូននាឱកាសនេះ ត្រូវបានបែងចែកជូនដល់អនុប្រធានសេនាធិការ អនុប្រធានការិយាល័យកណ្តាល នាយការិយាល័យ អធិការនគរបាលទាំង៨ ក្រុង.ស្រុក មេបញ្ជាការវរនគរបាលការពារព្រំដែនទាំង២ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០ នាយប៉ុស្តិ៍នគរបាលការពារព្រំដែន និងមន្ត្រីនគរបាលពាក់ព័ន្ធមួយចំនួនទៀត។

លោកស្នងការ បានថ្លែងប្រាប់កងកម្លាំងទាំងអស់ត្រូវបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិឲ្យបានល្អប្រសើរ ដើម្បីតបស្នងដល់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលតែងតែគិតគូរដល់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់៕