(ស្ទឹងត្រែង)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន របស់ស្នងការនគរបាលខេត្តស្ទឹងត្រែង បានបង្ក្រាបការជួញដូរគ្រឿងញៀន១ករណី ដោយបានចាប់ខ្លួនជនសង្ស័យប្រុស-ស្រីពីរនាក់ និងដកហូតបានថ្នាំញៀនមួយកញ្ចប់ធំជាម៉ាទឹកកក ដែលមានទម្ងន់ជិត១គីឡូក្រាម។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូជាតិលេខ៩ ត្រង់ចំណុច ផ្លូវបំបែកចូល ភូមិព្រះរំកិល ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានបង្ហាញមុខជនសង្ស័យ និងហែកកញ្ចប់គ្រឿងញៀនថ្លឹងទម្ងន់ជាក់ស្តែង នៅចំពោះមុខលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងផងដែរ។
នគរបាលប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ដែលឃាត់ខ្លួនបានរួមមាន៖ ទី១-ឈ្មោះសុំ សាង ជនជាតិខ្មែរ ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងទី២- ឈ្មោះ មុត សៃ ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខែ្មរ រស់នៅឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់។ ចំណែកសារធាតុញៀនដែលរឹបអូសបាន មានទម្ងន់៩៩៤,៥ក្រាម ស្មើនិងជិតមួយគីឡូក្រាម ជាប្រភេទថ្មាំម៉េតំហ្វេតាមីនអាយ ឬហៅថា (ម៉ាទឹកកក)។
បច្ចុប្បន្នជនសង្ស័យវ័យចំណាស់ទាំងពីរនាក់ កំពុងស្ថិតក្រោមការឃុំខ្លូន នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសាកសួរស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងកសាងសំណុំរឿង បញ្ចូនខ្លួនទៅកាន់តុលាការនៅព្រឹកថ្ងៃទី០៤ ខែឧសភាស្អែកនេះ ចាត់ការទៅតាមនីតិវិធី៕