(ភ្នំពេញ)៖ ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក សម្រាប់ជុំប្រកួតនៅក្នុងប្រទេសកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ហើយក្នុងឆ្នាំនេះដែរបានបញ្ចូលវិញ្ញាសាស៊េរីថ្មី (New Open) សម្រាប់យុវជនឆ្នើមរបស់កម្ពុជា ដែលចង់ចូលរួមប្រកួតប្រជែង សូមមេត្តារួសរាន់ចុះឈ្មោះចូលរួមប្រកួតឱ្យបានត្រឹមថ្ងៃសុក្រ ទី១០ ខែឧសភា វេលាម៉ោង១៧៖០០នាទីរសៀល។

ប្រធានបទប្រកួតសម្រាប់ឆ្នាំនេះ គឺ «ទីក្រុងវៃឆ្លាត-Smart Cities» ដែលតម្រូវឱ្យមានការប្រកួតប្រជែងលើវិញ្ញាសាទូទៅ (Regular) ដោយប្រើ LEGO Mindstorm Robots និងវិញ្ញាសាស៊េរីថ្មី (New Open) ដែលបេក្ខជនត្រូវប្រកួតរ៉ូបូតគ្រប់ប្រភេទ។ បេក្ខជនទាំងពីរកម្រិតពោល គឺកម្រិតកុមារ (១៣-១៥ឆ្នាំ) និងយុវជន (១៦-១៩ឆ្នាំ) គឺអាចចូលរួមប្រកួតនៅក្នុងវិញ្ញាសាប្រកួតទាំងពីរនេះបានដូចគ្នា។

ប្រសិនបើអ្នកជាបេក្ខជនថ្មី អ្នកអាចរកជាវរ៉ូបូតក្នុងតម្លៃសមរម្យ ពីដៃគូឧបត្ថម្ភរបស់យើងដែលមានដូចជា iOne និង UBTECH robotics ដោយសារវាសក្តិសមបំផុត សម្រាប់ការត្រៀមលក្ខណៈ ចំពោះប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោកលើវិញ្ញាសាទូទៅ។ សូមទទួលយកការផ្ដល់ជូនពិសេសនេះ ព្រមទាំងចូលរួមសិក្ខាសាលាផ្សេងៗ ដើម្បីឱ្យសាលារបស់អ្នកអាចស្គាល់អំពីរ៉ូបូត ហើយអាចត្រៀមខ្លួន ចំពោះការប្រកួតប្រជែងនេះ។

ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក នាំមកជូនដោយអង្គការពិព័រណ៌វិទ្យាសាស្រ្តកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ដោយទទួលបានការគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា។ យើងមានបេសកកម្មបណ្ដុះការស្រឡាញ់ចូលចិត្ត មុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាដល់សិស្សានុសិស្សកម្ពុជា និងទទួលស្គាល់នូវសកម្មភាពរីករាយ ដែលបានមកពីការប្រើប្រាស់មុខវិជ្ជាស្ទែម បញ្ចូលគ្នាតាមរយៈរ៉ូបូត ក្នុងលក្ខណៈរីករាយបញ្ចូលគ្នា និងអប់រំ។

នៅក្នុងឆ្នាំនេះដែរ ជុំប្រកួតនៅក្នុងប្រទេសកម្ពុជា នឹងផ្ដល់ឱកាសដល់បេក្ខជន ដើម្បីចូលរួមប្រកួតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅប្រទេសហុងគ្រី ក្នុងខែវិច្ឆិកាខាងមុខនេះ ហើយយើងសង្ឃឹមថា យុវជនរបស់យើងនឹងអាចមានឱកាស ដើម្បីតំណាងប្រទេសកម្ពុជា ឡើងទៅប្រកួតនៅលើឆាកអន្តរជាតិ បែបស្ទែមនេះ ជាថ្មីម្ដងទៀត។

នៅក្នុងកម្មវិធីនេះ យើងមានយុវជនស្ម័គ្រចិត្តប្រមាណ៣០នាក់ ដើម្បីជួយសម្របសម្រួល ហើយសង្ឃឹមថាសាធារណជន អ្នកគ្រូលោកគ្រូ មាតាបិតា ក៏ដូចជាសិស្សនិស្សិត នឹងចូលរួមទស្សនាការប្រកួតនេះទាំងអស់គ្នា។ យើងខ្ញុំសូមទន្ទឹងរង់ចាំជួបជាមួយលោកអ្នក ប្រកបដោយសេចក្ដីរីករាយ។

សេចក្ដីប្រកាសនេះ គឺជាការក្រើនរំឭកចុងក្រោយ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ អង្គការពិព័រណ៌វិទ្យាសាស្រ្តកម្ពុជា តាមរយៈអ៊ីមែល [email protected] ទូរស័ព្ទ 023 72 72 62 ឬវេបសាយhttp://www.stemcambodia.ngo/world-robot-olympiad/ ។ សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់យើង https://www.facebook.com/CambodiaRobotics/