(ព្រះសីហនុ)៖ ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោកវេជ្ជបណ្ឌិត សេង ណុង បានប្រកាសស្វែងរកសាច់ញាតិ របស់សពស្ត្រីរងគ្រោះចំនួន ២នាក់ ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នាក្រុងព្រះសីហនុ។
បើតាមលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សាកសពស្ត្រីរងគ្រោះទាំងពីរខាងលើ ត្រូវបានរថយន្តមន្ទីរពេទ្យឯកជន ដឹកយកមកទុកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឬពេទ្យចំការចេក។
លោកវេជ្ជបណ្ឌិត សេង ណុង បានបញ្ជាក់ថា គិតមកដល់ថ្ងៃទី០៣ ខែឧសភានេះ សាកសពស្ត្រីវ័យក្មេងទាំងពីរនាក់ខាងលើ មិនទាន់មានសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យនៅឡើយទេ។ ដូច្នេះលោកប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបាត់សមាជិកក្នុងគ្រួសារ សូមឲ្យរូតរះទាក់ទងមកពិនិត្យមើល សាកសពស្ត្រីរងគ្រោះទាំងពីរនាក់ឲ្យបានឆាប់ ព្រោះសពបានតម្កល់ទុកនៅមន្ទីរពេទ្យខេត្តព្រះសីហនុ៕