(ភ្នំពេញ)៖ លោក ផាន អូន អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានអំពាវនាវឱ្យប្រជាពលរដ្ឋដាក់ពាក្យបណ្តឹង បើឃើញអ្នកលក់ដូរណា ប្រើប្រាស់សារធាតុគីមីដែលហាមឃាត់ ឬប្រើប្រាស់សារធាតុគីមីលើសកម្រិត ដើម្បីរក្សាគុណភាពទំនិញឱ្យរក្សាទុកបានយូរ។
ក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មានស្តីអំពី «បញ្ហាម្ហូបអាហារ និងគីមី» នាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីម្សិលមិញ លោក ផាន អូន បានថ្លែងថា មានសារធាតុគីមីខ្លះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ដើម្បីការពារផលិតផលម្ហូបអាហារ តែក៏មានសារធាតុគីមីមិនល្អខ្លះ ត្រូវបានកាំកុងត្រូល ក៏ដូចជារាជរដ្ឋាភិបាលហាមប្រាមដាច់ខាតក្នុងការប្រើប្រាស់។
លោក ផាន អូន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទឆ្លៀតឱកាសនេះ សូមអំពាវនាវដែរថា បងប្អូនប្រជាពលរដ្ឋ អាជីវកររកស៉ីទាំងអស់ គួរតែធ្វើបញ្ជីមួយសម្រាប់រាយការណ៍មកសមត្ថកិច្ចពាក់ព័ន្ធ។ ឧបមាថា មានតូបមួយលាយសារធាតុគីមី បងប្អូនអាចដាក់បណ្តឹងតាមរយៈឡាន តាមរយៈលេខទំនាក់ទំនងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ឬក៏លេខទំនាក់ទំនងរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីក្រសួងស្ថាប័ន ចាត់វិធានការឱ្យបានទាន់ពេលវេលា»។
មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋាកាំកុងត្រូល បានថ្លែងទៀតថា ផលិតផលម្ហូបអាហារមានច្រើនប្រភេទណាស់ រួមមាន ស្រា ចំណីអាហារ បន្លែ ផ្លែឈើ លើកលែងតែគ្រឿងសម្អាង ឬផលិតផលថ្នាំពេទ្យ។ សារធាតុដែលមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ដោយសារវាប្រមូលផ្តុំបង្កជាគ្រួស ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ហើយសារធាតុទាំងនោះ ក៏មានការកំណត់ចេញទៅជាច្បាប់ផងដែរ។
បើតាមអគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូលរូបនេះ មានសារធាតុគីមីខ្លះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក៏ពិតមែនហើយ តែបើអាជីវករណា ប្រើសារធាតុនោះលើសកំណត់ ក៏វាជារឿងខុសច្បាប់ដែរ ដែលត្រូវចាត់វិធានការឱ្យបានដាច់ខាត។
លោកថា «បើបងប្អូនខ្លះប្រើលើស វាជាបញ្ហាដែលយើងឃាត់ ហើយបងប្អូនខ្លះគាត់ប្រើដោះដូរសារធាតុគីមីណាមួយ ដែលមិនអនុញ្ញាតគឺជារឿងមួយដែលប្រឈមមុខច្បាប់។ ច្បាប់ស្តីពីការគ្រប់គ្រងសុវត្ថិភាព និងគុណភាព មានចែងក្នុងមាត្រា១៨ និង១៩ ហើយទោសទណ្ឌផងដែរ ដែលបងប្អូនខ្លះលួចប្រើសារធាតុគីមី ដែលមិនអនុញ្ញាត ឬប្រើលើសកម្រិតអនុញ្ញាត»។
លោក ផាន អូន បានបន្ថែមថា រាជរដ្ឋាភិបាលក៏បានគិតគូរតាក់តែងច្បាប់ បទបញ្ញត្តិផ្សេងទៀត និងឯកសារគតិយុត្តនានាជាច្រើន ដើម្បីធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាម្ហូបអាហារ ព្រោះថាបញ្ហាម្ហូបអាហារ ជាបញ្ហារួមរបស់ប្រតិករអាជីវកម្ម រួមទាំងអ្នករកស៉ីតូចតាច អ្នកនាំចូល រួមទាំងអ្នកផលិត និងប្រជាពលរដ្ឋផងដែរ។ តាមរយៈនេះ ដើម្បីដោះស្រាយបញ្ហាបាន មានតែការកសាងឯកសារគតិយុត្ត ដើម្បីឱ្យមានលទ្ធភាពគ្រប់ជ្រុងជ្រោយ ធ្វើឱ្យប្រទាក់ក្រឡាគ្នាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដោយយកប្រជាពលរដ្ឋជាអ្នកជូនដំណឹង៕