(ភ្នំពេញ)៖ សេវាផ្ទេរប្រាក់អន្តរជាតិ តាមប្រព័ន្ធឌីជីថល នៅលើទូរស័ព្ទទូទៅកាន់ប្រទេសជាង២០០ប្រទេស ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូង សម្រាប់អតិថិជនជាង១លាននាក់ របស់ធនាគារឯកទេសវីង នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង តាមរយៈកិច្ចសហការរវាងក្រុមហ៊ុន វេស្ទើន យូនៀន ដែលជាអ្នកនាំមុខគេ ក្នុងការផ្ទេរប្រាក់ទូទាំងពិភពលោក និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនឈានមុខគេផ្នែក សេវាកម្មធនាគារចល័តនៅកម្ពុជា។
ដោយគ្រាន់តែចុចពីរ ឬបីដំណាក់កាល នៅលើកម្មវិធីស្មាតហ្វូនវីង អតិថិជនអាចធ្វើការផ្ទេរប្រាក់តាមរយៈ វេស្ទើន យូនៀន ទៅកាន់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគេ បានភ្លាមៗ២៤ម៉ោងលើ ០៧ថ្ងៃ ទៅកាន់ជាង ២០០ប្រទេសជុំវិញពិភពលោក។
ភាពងាយស្រួល តាមរយៈការប្រើម្រាមដៃចុចនេះ គឺអាចធ្វើបានសម្រាប់គ្រប់អតិថិជនវីង ដែលមានកម្មវិធីស្មាតហ្វូន វីង នៅក្នុងទូរស័ព្ទដៃរបស់ពួកគេ មិនថាជាបុគ្គលិកបម្រើការងារជាតិ និងអន្តរជាតិ។ អតិថិជនមាន ជម្រើសក្នុងការផ្ទេរប្រាក់ដោយផ្ទាល់ពីគណនីរបស់ធនាគារ ឬតាមរយៈកាបូបឌីជីថល នៅក្នុងកម្មវិធីស្មាតហ្វូនវីង ដែលពួកគេអាច ដាក់ប្រាក់នៅភ្នាក់ងារវីងជាង ៦,០០០កន្លែង ដើម្បីធ្វើការផ្ទេរប្រាក់។
លោកស្រី សូហ៊ីនី រ៉ាចូលី អនុប្រធានតំបន់អាស៊ីខាងត្បូង និងឥណ្ឌូចិន នៃ វេស្ទើន យូនៀន បានថ្លែងថា «សេវាកម្មរបស់យើង ផ្តល់ជាដំណោះស្រាយសម្រាប់ការចលនាប្រាក់ ឆ្លងកាត់ប្រទេសនៅទូទាំងពិភពលោក។ ដោយមានជំនាញផ្នែកសេវាកម្មហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ដើម្បីភ្ជាប់ពិភពឌីជីថល និងពិភពផ្ទាល់នៃការផ្ទេរប្រាក់ យើងមានជំហររឹងមាំក្នុងការផ្តល់អំណាច ដល់អតិថិជនដោយផ្តល់នូវដំណោះស្រាយ ដែលឆ្លើយតបនឹងតម្រូវការ ហិរញ្ញវត្ថុរបស់អតិថិជន»។
លោកស្រី រ៉ាចូលី បានបន្តថា «ការផ្ទេរប្រាក់គឺជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់គ្រួសារជាច្រើនដែលនេះគឺជាការពិតសម្រាប់គ្រួសារដែលរស់នៅប្រទេសកម្ពុជា និងសម្រាប់ជនអន្តោប្រវេសន៍ ក៏ដូចជាសាច់ញាតិ របស់ពួកគេដែលរស់នៅក្រៅប្រទេស។ ការផ្សាភ្ជាប់អតិថិជនជាមួយក្រុមគ្រួសាររបស់ពួកគេគឺជាគន្លឹះ ហើយវាជា ការចាំបាច់ក្នុងការផ្តល់ភាពងាយស្រួលបំផុតសម្រាប់ពួកគេ»។
លោកស្រីបន្ដទៀតថា ជាមួយនឹងការកើនឡើង នូវប្រជាប្រិយភាពនៃទូរស័ព្ទចល័ត និងការប្រើប្រាស់អ៊ិនធឺណិត យើងមានការរំភើបរីករាយ ក្នុងការពង្រីកសេវាកម្មរបស់យើង ជាមួយវីងដើម្បីផ្តល់ជូនអតិថិជននូវជម្រើស ក្នុងការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថល ដើម្បីផ្តល់ភាពងាយស្រួលដល់ អតិថិជនក្នុងការ ផ្ទេរ ប្រាក់តាមមធ្យោបាយដែលពួកគេចង់បាននិងដើរតួយ៉ាងសំខាន់ក្នុងជីវិតរបស់ពួកគេ និងសេដ្ឋកិច្ចសកលលោក។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានថ្លែងថា «កាលពីឆ្នាំមុន យើងបានប្រកាសពីកិច្ចសហការរបស់យើងជាមួយ វេស្ទើន យូនៀន រួចមកហើយ ដែលបានអនុញ្ញាតឲ្យអតិថិជន នៅក្នុងប្រទេសកម្ពុជា ក្នុងការទទួលប្រាក់តាមរយៈភ្នាក់ងារវីង ដែលមានផ្តល់សេវាកម្ម ទទួលប្រាក់ដែលផ្ទេរតាម វេស្ទើន យូនៀន ដែលជាផ្នែកមួយនៃយុទ្ធនាការ វីងទៅកាន់ពិភពលោក របស់យើង»។
លោកថា «សេវាកម្មទទួលប្រាក់ ដែលផ្ទេរតាមរយៈ វេស្ទើន យូនៀន រហូតដល់ ១០០០ ភ្នាក់ងារវីងនៅទូទាំងប្រទេស។ នៅក្នុងថ្ងៃនេះ តាមរយៈសេវាកម្មវេស្ទើនយូនៀន នៅលើ កម្មវិធី ស្មាតហ្វូនវីងរបស់យើង។ យើងមាន សេចក្តីរីករាយ ក្នុងការនាំយកកិច្ចសហការគ្នា ទៅរកកម្រិតមួយទៀត ដែលអាចឲ្យជនអន្តោប្រវេសន៍ អ្នកដែលមិនមានគណនីធនាគារ ឬមិនធ្លាប់ប្រើប្រាស់សេវាកម្មធនាគារ និងពលករបរទេសដើម្បីងាយស្រួល ក្នុងការផ្ទេរប្រាក់ភ្លាមៗ ២៤ម៉ោងលើ០៧ ថ្ងៃ ទៅកាន់ក្រុមគ្រួសារ និងអ្នកនៅក្នុងបន្ទុកនៅផ្ទះ និងនៅទូទាំងពិភពលោក»។
លោក ម៉ាឡូឡូស បានបន្តថា «ការប្តេជ្ញាចិត្តរបស់យើង ចំពោះអតិថិជន គឺមិនចេះរីងស្ងួតទេ ហើយយើងនឹងមិនឈប់ត្រឹមនេះទេ។ យើងមានផែនការបន្តពង្រីក និងបង្កើនលទ្ធភាពបន្ថែមទៀត ដើម្បីផ្តល់ជូននូវបទពិសោធន៍បន្ថែម ដ៏ងាយស្រួលសម្រាប់អតិថិជន»។
ក្រៅពីសេវាកម្មផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ អតិថិជនអាចធ្វើប្រតិបត្តិការផ្សេងៗទៀត នៅលើកម្មវិធីស្មាតហ្វូនវីងរួមមាន៖ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក្កយបត្រ ទូទាត់តាមអ៊ិនធឺណេត និងដោយស្កេនកូដ QR និងផ្សេងៗទៀត៕