(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារចុះពិនិត្យ និងសួរសុខទុក្ខ និងនាំអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារភ្លៀងលាយខ្យល់កន្ត្រាក់ប៉ើងដំបូលផ្ទះ និងមានអ្នករងរបួសស្រាលនៅក្នុងភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម។
លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានឲ្យដឹងថា នៅល្ងាចម្សិលមិញ មានហេតុគ្រោះធម្មជាតិខ្យល់កន្រ្តាក់ កើតឡើងក្នុងសង្កាត់បឹងកុក ធ្វើឲ្យប៉ះពាល់ផ្ទះធ្ងន់ធ្ងរចំនួន ២ខ្នងផ្ទះ។
ក្នុងការចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋនោះដែរ លោក គួច ចំរើន បាននាំអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនជនរងគ្រោះដែលរលំផ្ទះចំនួនពីរគ្រួសារ ក្នុងនោះ ១គ្រួសារទទួលបានគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា ១លានរៀលសម្រាប់ជួសជុលផ្ទះឡើងវិញ៕