(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសភាយុវពាណិជ្ជករកម្ពុជា (JCI) និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តនៃសភាយុវពាណិជ្ជករជប៉ុន បានសហការគ្នាធ្វើសកម្មភាពពិនិត្យ និងព្យាបាលមាត់ធ្មេញ ឲ្យកុមារកម្ពុជា នៅតំបល់ដាច់ស្រយាលដែលមានជីវភាពខ្វះខាត។ គិតមកដល់ពេលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសភាយុវពាណិជ្ជករកម្ពុជា-ជប៉ុន បានជួយកុមារមិនក្រោម ១០០០នាក់ ដែលរស់នៅបឋមសិក្សាដែលនៅខេត្តដាច់ស្រយាលទូទាំងប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិត Masahiro Iwata និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសភាយុវពាណិជ្ជករជប៉ុន មកធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាង ២០ឆ្នាំមកហើយ ដើម្បីព្យាបាលអ្នកជំងឺកម្ពុជាមានបញ្ហាមាត់ធ្មេញ ដោយស័្មគ្រចិត្ត ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែល្អប្រសើរថែមទៀត។ លោកបានលើកឡើងថា គិតមកដល់ពេលនេះ គឺមានរយៈពេលជាង ២០ឆ្នាំហើយ ដែលលោកវេជ្ជបណ្ឌិត Masahiro Iwata និងក្រុមការងារចំនួន២រូបទៀត បានប្រើជំនាញដែលខ្លួនមានព្យាបាល និងវះកាត់អ្នកជំងឺនៅកម្ពុជាបាន ២០០០ករណីហើយ នៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តក្រចេះ។
លោកបានលើកឡើងថា ក្រុមការងាររបស់លោកមានតែ ៣នាក់តែប៉ុណ្ណោះ ហើយមូលហេតុ ដែលលោកមកកម្ពុជា ដោយសារមើលឃើញថា កុមារនៅកម្ពុជាកាលពី ២០ឆ្នាំមុន ការមើលថែលើបញ្ហាសុខភាពនៅមានកម្រិត ហើយក៏ដោយសារតែ មានការណែនាំពីមិត្តភក្តិ ដែលនិយាយពីស្ថានភាពរបស់ប្រទេសកម្ពុជា។
ចំណែកខាងភាគីសភាយុវពាណិជ្ជករកម្ពុជា (JCI) សាខាចតុមុខ បានលើកឡើងថា ក្នុងសកម្មភាពបំពេញការងារដោយស័គ្រចិត្តនៅកម្ពុជា របស់លោកវេជ្ជបណ្ឌិត គឺទទួលបានបទពិសោធន៍ល្អៗ ជាច្រើនក្នុងការបំ ពេញសកម្មភាពមនុស្សធម៌ ជាមួយក្រុមការងារ ក៏ដូច ជាជាមួយអង្គការដៃគូពាក់ព័ន្ធ ជាពិសេសគឺក្រសួងសុខាភិបាលនៅកម្ពុជា។
លោកវេជ្ជបណ្ឌិត Masahiro Iwata មកពីទីក្រុង អូសាកា ដែលមានជំនាញខាងផ្នែកវះកាត់ផ្នែកក្រអូមមាត់រូបនេះ បានបង្ហាញការរំពឹងទុកថា អាចធ្វើការជាមួយភាគីពាក់ព័ន្ធ និងវិស័យ សុខាភិបាលកម្ពុជា ដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែល្អប្រសើរទាំងសកម្មភាព ស្ម័គ្រចិត្ត និងការចូលរួមតាមរយៈបេសកកម្មផ្សេងៗ នៅតាមតំបន់ដែលខ្វះខាតទូទាំងប្រទេសកម្ពុជា។
បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន លោកវេជ្ជបណ្ឌិត Masahiro Iwata បានឲ្យដឹងថា ក្នុងការធ្វើដំណើរមកកម្ពុជាម្តងៗ លោកត្រូវ ចំនាយមកម្តងគឺ១៥០០ ទៅ១៦០០ដុល្លារ សំបុត្រយន្តហោះ និងការស្នាក់នៅ និងធ្វើដំណើរផ្សេងៗ។ ថវិកាទាំងនេះ គឺជាថវិកាផ្ទាល់ខ្លួនរបស់លោក មិនមែនជាការឧបត្ថម្ភពីភាគីណាមួយឡើយ។ ការចូលរួមរបស់លោកនៅកម្ពុជានេះ គឺធ្វើឡើងដើម្បីជាការចូលរួម ជួយអ្នកជំងឺឲ្យមានសុខភាពល្អប្រសើរជាងមុន មិនមែនដើម្បីរកផលប្រយោជន៍ណាមួយឡើយ។
គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តនៃសភាយុវពាណិជ្ជករកម្ពុជា (JCI) និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តនៃសភាយុវពាណិជ្ជករជប៉ុន នៅមានគម្រោងជាច្រើនទៀត ដែលនឹងរួមគ្នា ធ្វើនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយដល់កុមារកម្ពុជារស់នៅដាច់ស្រយាល និងម្យ៉ាងវិញទៀត ដើម្បីចូលរួមលើកកម្ពស់វិស័យសុខាភិបាល ឲ្យមានភាពល្អប្រសើរបន្ថែមទៀត៕