(ភ្នំពេញ)៖ ប្រទេសកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីរំលឹកខួបលើកទី២០ ដែលខ្លួនបានក្លាយជាសមាជិក នៃសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន (ASEAN)។
ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចួលរួមដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានមន្ត្រីរាជការ សិស្សនិស្សិត ចូលរួមយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះលោក ប្រាក់ សុខុន បានថ្លែងអបអរសាទរដោយសម្តែងសេចក្តីសោមនស្សរីករាយ ក្រៃលែង ដែលកម្ពុជាប្រារព្ធពិធីរំលឹកខួបលើកទី២០ នៃការចូលជាសមាជិក នៃអាស៊ាន។ លោកក៏បានថ្លែងអំណរគុណ ដល់ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងពាណិជ្ជកម្ម ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងរំលឹកដែរថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារមួយជូនចំពោះជនរួមជាតិ ទាំងអស់ រំលឹកប្រវត្តិនៃការចូលរួមរបស់កម្ពុជា ក្នុងអង្គការតំបន់ដ៏សំខាន់ និងគូសបញ្ជាក់ពីអត្ថន័យ ក៏ដូចជាអត្ថប្រយោជន៍នានា ដែលកម្ពុជាទទួលបានក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម វប្បធម៌ពីសមាជិកភាពនេះ។
លោករដ្ឋមន្ត្រីក្រសួងការបរទេស បានបន្ថែមថា ការប្រារព្ធពិធីនេះឡើង នឹងផ្តល់ឱកាសឲ្យលោកបានចូលជ្រៅថែមទៀត ក្នុងការស្វែងយល់អំពីមូលហេតុ ដែលនាំឲ្យកម្ពុជាចូលលជាសមាជិកអាស៊ាន តួនាទី វិភាគទាន និងផលប្រយោជន៍ទាំងឡាយ ដែលបានមកពីការចូលរួមនេះ បញ្ហាប្រឈមដែលជួបប្រទះ ព្រមទាំងទស្សនវិស័យនានាសម្រាប់កម្ពុជា ក្លាយជាសមាជិកសកម្ម ស្មើមុខ ស្មើមាត់ នៃសហគមន៍មួយដែលយកប្រជាជនជាស្នូល និងដែលបម្រើផលប្រយោជន៍ប្រជាជនជាធំផងដែរ។
សូមបញ្ជាក់ថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៉ីអាគ្នេយ៍ទាំងដប់ជាសមាជិក ត្រូវបានបង្កើតឡើងដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។
អាស៊ាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ដោយដំបូងឡើយមានប្រទេសចំនួន០៥ គឺម៉ាឡេស៉ី ឥណ្ឌូណេស៉ី ហ្វ៉ីលីពីន សិង្ហបុរី និងប្រទេសថៃ។ ប្រទេសស្ថាបនិកទាំងនោះ លើកលែងប្រទេសថៃ សុទ្ធសឹងតែជាដែនដីដែលទើបទទួលបានអធិបតេយ្យភាពថ្មីថ្មោង ពីនឹមអាណានិគមក្នុងសម័យនោះ។ គួបផ្សំនឹងការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ផង ទើបជំរុញឲ្យប្រទេសទាំង០៥ រួមគ្នាបង្កើតសមាគមនេះឡើង ដោយមានគោលដៅរួម ជំរុញឲ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ ក្នុងតំបន់អាស៉ីអាគ្នេយ៍ទាំងមូល។ ចាប់ពីឆ្នាំ១៩៨៤មក ទើបបណ្ដាប្រទេសដទៃ០៥ទៀត ក្នុងតំបន់នេះរួមមាន ប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ដែលជាកូនពៅបានក្លាយជាសមាជិកនៃសមាគមនេះជាបន្តបន្ទាប់។
អគ្គលេខាធិការដ្ឋានអាស៊ាន មានមូលដ្ឋាននៅរដ្ឋធានីហ្សាកាតា នៃប្រទេសឥណ្ឌូណេស៉ី ដែលមានអគ្គលេខាធិការទទួលបន្ទុកសម្របសម្រួល និងអនុវត្តសកម្មភាពនានារបស់អាស៊ាន។ អគ្គលេខាធិការនោះ ត្រូវតែងតាំងដោយកិច្ចប្រជុំកំពូលអាស៊ាន មានអាណត្តិ០៥ឆ្នាំ ត្រូវបានប្តូរវេនគ្នាទៅតាមលំដាប់អក្ខរក្រម នៃឈ្មោះជាភាសាអង់គ្លេស របស់រដ្ឋជាសមាជិក។ ធម្មនុញ្ញអាស៊ានកំណត់ថា ការជ្រើសរើសអគ្គលេខាធិការ ត្រូវផ្អែកលើលក្ខខណ្ឌដូចជា សុច្ចរិតភាព បទពិសោធន៍ការងារ សមត្ថភាព និងសមភាពយេនឌ័រ។ អគ្គលេខាធិការអាស៊ាន បច្ចុប្បន្នដែលមានអាណត្តិពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ គឺលោក ដាតូ ផាឌូកា លីម ចុក ហយ (Dato Paduka Lim Jock Hoi) ជាអតីតមន្ត្រីជាន់ខ្ពស់ ផ្នែកពាណិជ្ជកម្ម និងការទូតនៃប្រទេសប្រ៊ុយណេ។ អគ្គលេខាធិការដ្ឋានមានតួនាទី សម្របសម្រួល ការអនុវត្តគម្រោង និងសកម្មភាពជាទូទៅរបស់អាស៊ាន។
មាត្រា៣១ នៃធម្មនុញ្ញអាស៊ានចែងថា «ប្រធានអាស៊ានត្រូវប្ដូរវេនជារៀងរាល់ឆ្នាំ តាមលំដាប់អក្ខរក្រម នៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក» ហើយរដ្ឋសមាជិក ដែលទទួលបានឋានៈជាប្រធានអាស៊ាននោះ ត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំមួយចំនួនទៀត។ កន្លងមកប្រទេសកម្ពុជា ធ្លាប់ធ្វើជាប្រធានអាស៊ាន បានចំនួន០២ដង គឺលើកទី១ នៅឆ្នាំ២០០២ និងលើកទីពីរនៅឆ្នាំ២០១២។
គោលបំណងនៃការបង្កើតសមាគមអាស៊ាននេះឡើង រួមមាន៖
* បង្កើនល្បឿនកំណើតសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌នៅក្នុងតំបន់
* លើកកម្ពស់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់
* ជំរុញកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភជួយគ្នាទៅវិញទៅមក ដោយមិនរំពឹងផលប្រយោជន៍តបស្នង
* ផ្ដល់ជំនួញដល់គ្នាទៅវិញទៅមក ក្នុងទម្រង់ជាការបណ្ដុះបណ្ដាល និងការស្រាវជ្រាវឧបករណ៍
* កិច្ចសហប្រតិបត្តិការដើម្បីធ្វើឱ្យមានភាពល្អប្រសើរ ខាងវិស័យកសិកម្ម និងឧស្សាហកម្ម ដើម្បីលើកកម្ពស់ជីវភាពប្រជាជន
* លើកកម្ពស់ការសិក្សានៅអាស៊ីអាគ្នេយ៍
* រក្សាមិត្តភាពដើម្បីប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ ជាមួយអង្គការអន្តរជាតិ ដែលមានគោលបំណងដូចគ្នា ឬស្រដៀងគ្នា៕