(កំពង់ចាម)៖ ក្រុមគណៈអាជីវករផ្សារព្រៃទទឹង ស្ថិតនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម បានសាងសង់បន្ទប់អនាម័យ សម្រាប់ឲ្យប្រជាពលរដ្ឋនិងអាជីវករលក់ ដូរក្នុងផ្សារបានប្រើប្រាស់ បន្ទាប់ពីផ្សារមួយនេះ គ្មានបន្ទប់បង្គន់អនាម័យអស់រយៈពេលជាងមួយឆ្នាំមកហើយ។
ប្រធានគណៈអាជីវករផ្សារព្រៃទទឹង លោក ហេង សេងហួរ បានប្រាប់ឲ្យដឹងថា ក្រោយពេលរាជរដ្ឋាភិបាល បានប្រគល់ផ្សារឱ្យមកក្រុមគណៈអាជីវករគ្រប់គ្រង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ផ្សារព្រៃទទឹង ត្រូវបានររៀបចំ អនាម័យសណ្តាប់ធ្នាប់ ដូចជាដាក់លូ និងធ្វើបង្គន់អនាម័យជាដើម។
ប៉ុន្តែនៅពេលចាប់ធ្វើបន្ទប់បង្គន់អនាម័យសម្រាប់ឲ្យប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារប្រើប្រាស់ ស្រាប់តែមានអាជីវករ ២នាក់ ម្នាក់ឈ្មោះសុធន់ និងម្នាក់ទៀតឈ្មោះ ស៊ីណេត បានជំទាស់នៅក្នុងការសាងសង់បន្ទប់អនាម័យនេះ។
ប្រធានគណៈអាជីវករលោក ហេង សេងហួរ បានបញ្ជាក់ថា ទីតាំងដែលត្រូវសាងសង់បន្ទប់អនាម័យនោះ គឺជាទីតាំងចាស់ ដែលប្រធានផ្សារមុនពេលរដ្ឋាភិបាលប្រគល់ផ្សារ មកឲ្យគណៈអាជីវករគ្រប់គ្រង។ ប៉ុន្តែបន្ទប់អនាម័យចាស់នោះ ដោយសារតែប្រធានផ្សារមុន សាងសង់ខុសបទដ្ឋានបច្ចេកទេស បានធ្វើឱ្យមានក្លិនមិនល្អ ស្ទះលូ ហើយក៏ត្រូវបិទទ្វារទុក ចោលអស់រយៈពេលជាង ១ឆ្នាំ។
រហូតមកដល់ពេលដែលក្រុមគណៈអាជីវករចាប់ ផ្ដើមសាងសង់បន្ទប់អនាម័យនៅចំណុចដដែលនោះឡើងវិញ ខាងភាគីអាជីវករពីតូប បែរជាមានការជំទាស់ ដោយថា ដាក់ជើងស៊ីទែន បាំងតូបរបស់ពួកគេ។
ប្រធានគណៈអាជីវកររូបនេះ បានបញ្ជាក់ថា ដោយសារបង្គោលដាក់ស៊ីទែនទឹកចាស់មានភាពមិនរឺងមាំ ខាងក្រុមគណៈអាជីវករបានរៀបចំ ផ្សារបង្គោលដាក់ស៊ី ទែនទឹកថ្មី ហើយការដាក់ជើងស៊ីទែនទឹកនេះ គឺដាក់នៅចំណុចបង្គោលស៊ីទែនចាស់ទេ ប៉ុន្តែបែរជាភាគីខាងអាជីវករ២នាក់ ធ្វើការជំទាស់មិនឱ្យដាក់បង្គោលស៊ីទែនទឹកនោះទៅវិញ។
លោក ហេង សេងហួរ ឲ្យដឹងទៀតថា ការជំទាស់នេះដែរ ត្រូវបានអាជ្ញាធរស្រុក ជួយធ្វើការសម្របសម្រួលដោះស្រាយ ជាច្រើនលើកច្រើនសារ ប៉ុន្តែភាគីទាំងពីរនាក់នោះនៅ តែជំទាស់មិនព្រម។
ប៉ុន្តែយ៉ាងណាក៏ដោយ ដោយសារតែកិច្ចការនេះ ជាផលប្រយោជន៍សាធារណៈ ហើយការសាងសង់បន្ទប់ទឹកបង្គន់អនាម័យនេះ សំខាន់គឺនៅលើទីតាំងចាស់ ដូច្នេះក្រុមគណៈអាជីវករផ្សារក៏សម្រេច ចិត្តធ្វើការដាក់បង្គោលដាក់ស៊ីទែនទឹក បានរួចរាល់ជាស្ថាពរហើយ។
លោកប្រធានគណៈអាជីវករផ្សារ បានបញ្ជាក់ទៀតថា បន្ទប់អនាម័យនេះ គឺទុកសម្រាប់ប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារប្រើប្រាស់ទាំងអស់គ្នា បើទោះជាការចូលបន្ទោរបង់ដោយគ្មានការ បង់ប្រាក់ក៏ដោយចុះ។ ប៉ុន្តែជាធម្មតាបន្ទប់បង្គន់អនាម័យ ត្រូវតែមានអ្នកថែទាំជានិច្ចជាកាល ដូច្នេះការបង់ប្រាក់ថ្លៃចូលបន្ទោបង់នោះ គឺសម្រាប់ផ្ដល់ទៅឲ្យអ្នកដែលបានថែទាំបន្ទប់បង្គន់ អនាម័យនោះឯង ដោយឡែកក្រុមគណៈអាជីវករផ្សារ គ្មានបានទទួល ផលប្រយោជន៍អ្វី ពីបន្ទប់បង្គន់អនាម័យនោះទេ៕