(ពោធិ៍សាត់)៖ សពប្រជាពលរដ្ឋខ្មែរដែលរងគ្រោះ ដោយទាហានថៃបាញ់ស្លាប់ ពេលឆ្លងចូលទឹកដីថៃដោយខុសច្បាប់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នោះ ត្រូវបានដឹកបញ្ជូនមកដល់គេហដ្ឋាននៃសពវិញហើយ នៅវេលាម៉ោង ១០៖១០នាទី យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩។
ការបញ្ជូនសពមកវិញនេះ បានកើតឡើងក្រោយពីមានការជំនួបចរចាទ្វេភាគីរវាងភាគីកម្ពុជា និងថៃ កាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ដោយភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន ជួបជាមួយវរសេនីយ៍ឯក ប្រាក់ ជួបម្លិះផង មេបញ្ជាការយោធា ខេត្តត្រាត ក្នុងទឹកដីប្រទេសថៃ។ ក្នុងជំនួបនេះក៏បានផ្ដោតសំខាន់ទៅលើការទំនាក់ទំនងល្អរវាងគណៈកម្មការព្រំដែនកម្ពុជា-ថៃនិងបានស្នើសុំឲ្យភាគីថៃ បញ្ជូនសាកសពប្រជាពលរដ្ឋខ្មែរដែលទាហានថៃបាញ់ស្លាប់នោះ មកកម្ពុជាដើម្បីធ្វើបុណ្យ។ ក្នុងជំនួបនេះ ភាគីខាងយោធាថៃ ក៏បានយល់ព្រមនឹងធ្វើការបញ្ជូនសាកសពតាមសំណើរបស់ភាគីកម្ពុជា ។
សពប្រជាពលរដ្ឋខ្មែរដែលរងគ្រោះនេះត្រូវបានកម្លាំងទំនាក់ទំនងព្រំដែន ជាមួយកម្លាំងកងការពារព្រំដែនលេខ៥០១ ធ្វើការបញ្ជូនទៅដល់គេហដ្ឋាននៃសពដែលស្ថិត នៅក្នុងភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នៅវេលាម៉ោង១០.១០យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៩ នេះ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ទាហានថៃបានធ្វើការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរដែលចូលកាប់ឈឺក្នុងទឹកដីថៃដោយខុសច្បាប់។ ក្នុងការបាញ់ប្រហារនេះ បណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរដែលចូលទៅទឹកដីថៃដោយខុសច្បាប់ ស្លាប់១ម្នាក់ និងរបួសធ្ងន់១ម្នាក់ ដែលពេលនេះសាកសពអ្នកស្លាប់ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាវិញ ឯអ្នករបួស់នៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃនៅឡើយ៕