(ភ្នំពេញ)៖ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ បានបញ្ជាឲ្យព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោក ឌួង ណាគ្រី ដែលប៉ងបាញ់សម្លាប់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ នៅក្បែរអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ អគ្គព្រះរាជអាជ្ញា លោក អ៊ុក សាវុធ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានណែនាំ ទៅព្រះរាជអាជ្ញារួចហើយ ថាត្រូវតែចាត់ការទៅតាមច្បាប់»។
គួរជម្រាបថា នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ចេញប្រតិកម្មថា ករណីអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលស្រវឹងស្រាបើករថយន្តតាមរករឿង និងរហូតបាញ់រថយន្តជនរងគ្រោះទាំង ២នាក់ប្តី-ប្រពន្ធ ជាបទល្មើសព្រហ្មទណ្ឌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះយ៉ាងដូច្នេះថា «ការដាក់វិន័យចំពោះកំហុសរបស់មន្ត្រីនគរបាលណាម្នាក់ មិនរារាំងដល់ការអនុវត្តច្បាប់ របស់ស្ថាប័នតុលាការទេ ប្រសិនបើកំហុសនោះជាអំពើល្មើសព្រហ្មទណ្ឌ»។
សម្រាប់ករណីនេះមហាជននៅតែចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់ជនរងគ្រោះ ចំពោះមន្រ្តីនគរបាលជានខ្ពស់ ដែលបានប្រព្រឹត្តបទល្មើសធ្ងន់បែបនេះ ត្រឹមទទួលរងការដាក់វិន័យ កងកម្លាំងទៅវិញ ខណៈដែលរឿងស្រដៀងនេះកាលពីពេលកន្លងទៅ និងធ្លាប់កើតមានឡើងនៅក្នុងសង្គម ជនបង្កត្រូវបានកាត់ទោសតាមច្បាប់។
លោក សែម សុតាន់ ប្រធាននាយកដ្ឋានតម្រួតបទបញ្ជារបស់ក្រសួងមហាផ្ទៃ ក៏បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌរូបនេះ ត្រូវបានបញ្ជូនមកដល់កន្លែងរបស់លោកនៅល្ងាចម្សិលមិញ។ សម្រាប់ការដាក់វិន័យកងកម្លាំងនគរបាលជាតិ លោក សែម សុតាន់ មិនអាចធ្វើការអធិប្បាយនោះទេ ដោយបង្វែឲ្យទៅសួរនាំ លោកឧត្តមសេនីយ៍ផ្កាយ៣ ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ពីព្រោះលោកចាំតែធ្វើបានបទបញ្ជារបស់ថ្នាក់ដឹកនាំប៉ុណ្ណោះ៕