(ភ្នំពេញ)៖ ក្នុងពិធីផ្តល់ប័ណ្ណសមាជិក ប.ស.ស ដល់មន្ត្រីរាជការខណ្ឌមានជ័យ ចំនួន២៩០នាក់ នៅសាលាខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានថ្លែងថា សូមបងប្អូនមន្ត្រីរាជការទាំងអស់ ដែលកាន់ប័ណ្ណ ប.ស.ស សូមប្រើប្រាស់ប័ណ្ណនេះ ទៅរកសេវាព្យាបាលជំងឺ និងថែទាំសុខភាព ឲ្យមានលទ្ធភាព។

ក្នុងនោះ លោក ពេជ្រ កែវមុនី ក៏បានជំរាបជូនពីអត្ថប្រយោជននៃប័ណ្ណ ប.ស.ស ដើម្បីឲ្យពួកគាត់ទាំងអស់ ទទួលបានសេវាថែទាំសុខភាព នៅគ្រប់មន្ទីរពេទ្យ ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស ដោយឥតគិតថ្លៃ រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត ពី ប.ស.ស។

លោក អែម សុខវីរៈ មន្ត្រីរដ្ឋបាលខណ្ឌ បានឲ្យដឹងថា ការផ្ដល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (ប.ស.ស) ដោយឥតគិតថ្លៃ ជូនដល់មន្ត្រីរាជការខណ្ឌមានជ័យសរុប ចំនួន ២៩០នាក់ ក្នុងនោះ មន្ត្រីសាលាខណ្ឌ ចំនួន ៣០នាក់, មន្ត្រីសាលាសង្កាត់ ចំនួន៧៧នាក់ និងមេភូមិ អនុភូមិ និងសមាជិកភូមិ ចំនួន ១៨៣នាក់។

សូមជម្រាបថា មន្ត្រីរាជការដែលកាន់ប័ណ្ឌ ប.ស.ស អាចទៅទទួលសេវាថែទាំសុខភាព ដោយឥតបង់ប្រាក់នៅតាមមូលដ្ឋានសុខាភិបាល សាធារណៈ និងមន្ទីរពេទ្យឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ជូនដល់មន្ត្រី សាធារណៈ និង អតីតមន្ត្រីរាជការ ដោយគ្រាន់តែភ្ជាប់មកជាមួយនូវប័ណ្ណសម្គាល់ខ្លួន មន្ត្រីរាជការ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៕