(ម៉ុងរ៉េអាល់-កាណាដា)៖ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃកម្ពុជា នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញឡើងថ្លែងរបាយការណ៍ហិរញ្ញវត្ថុ រយៈពេលបួនឆ្នាំ (ឆ្នាំ២០១៥ ឆ្នាំ២០១៦ ឆ្នាំ២០១៧ និង ឆ្នាំ២០១៨) ជូនអង្គមហាសន្និបាត នៃសមាគមតុលាការធម្មនុញ្ញដែលប្រើភាសាបាំង (ACCPUF) ក្នុងនាមក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ជាសមាជិកការិយាល័យ និងជាអគ្គហិរញ្ញិករបស់សមាគមនេះ។
នៅក្នុងមហាសន្និបាតដ៏មានសារសំខាន់នេះ មានប្រទេសចំនួន៣៤ ដែលជាសមាជិក និងជាអ្នកសង្កេតការណ៍ រួមជាមួយអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ (OIF) Commission de Venise និង Conférence des jurisdictions_constitutionelles africaines បានចូលរួម ដើម្បីនឹងធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
*ទី១៖ ការអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម
*ទី២៖ ការអនុម័តលើការប្តូរឈ្មោះថ្មី របស់សមាគម
*ទី៣៖ ការបោះឆ្នោតជ្រើសតាំងសមាសភាពការិយាល័យថ្មី របស់សមាគម
*ទី៤៖ ការពិភាក្សា និងអនុម័ត លើបញ្ហាមួយចំនួនទៀត
តាមការសម្រេចរបស់មហាសន្និបាត សមាគមតុលាការធម្មនុញ្ញដែលប្រើភាសាបាំង (ACCPUF) ត្រូវបានប្តូរឈ្មោះទៅជា សមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (Association desCours Constitutionelles Francophones) ហៅកាត់ថា ACCF។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ត្រូវបានអង្គមហាសន្និបាត នៃសមាគម ACCF ក្នុងពេលនោះ បោះឆ្នោតជ្រើសតាំង ជាសមាជិកការិយាល័យ (Membre deBureau) សម្រាប់អាណត្តិបីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ជាបន្តទៀត ជាមួយនឹងសមាសភាពថ្មី នៃការិយាល័យរបស់ ACCF រួមមាន ប្រទេសកាណាដា ជាប្រធានប្រទេសសេណេហ្គាល់ជាអនុប្រធាន ប្រទេសបេណាំង ជាអគ្គហិរញ្ញិក និងបណ្តាប្រទេសជាសមាជិកចំនួន៥ទៀត គឺបែលហ្សិក ហ្គាបុង ម៉ាលី មារ៉ុក និងរ៉ូម៉ានី៕