(ភ្នំពេញ)៖ លោក ប៉ាន់យ៉ារ៉ាក់ កូនសាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ សហការជាមួយសហគមន៍ជនជាតិថៃនៅកម្ពុជា បានចុះចែកអំណោយ និងបរិច្ចាគទឹកប្រាក់ជូនដល់សមាគមន៍អភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រា (SFODA) ដែលជាអង្គការចិញ្ចឹមថែទាំកុមារ និងយុវជន ដែលត្រូវការជំនួយ ឬមានស្ថានភាពរស់នៅទីទាល់លំបាក។
កម្មវិធីសប្បុរសធម៌ ខាងលើនេះ ធ្វើឡើងក្នុងឱកាសព្រះរាជពិធីរាជាភិសេក ឡើងគ្រងរាជសម្បត្តិសម្តេច MahaVajiralongkorn Bodindradebayavarangkun ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ។
បើតាមឯកអគ្គរាជទូតថៃ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ធ្លាប់បានសហការជាមួយសហគមន៍ជនជាតិថៃ នៅក្នុងប្រទេសកម្ពុជា ចាត់កម្មវិធីសប្បុរសធម៌បរិច្ចាគរបស់របរ ជូនដល់ SFODA កាលពីឆ្នាំ២០១៦ ដើម្បីថ្វាយជាព្រះរាជកុសល ជូនដល់ព្រះរាជនី ស៊ីរីគិត នៅក្នុងឱកាសចម្រើន ព្រះជន្មគម្រប់ខួបលើកទី៧។
លោក ប៉ាន់យ៉ារ៉ាក់ កូនសាប់ បានលើកឡើងថា កម្មវិធីនេះ ចាត់ទុកជាការជួយឧបត្ថម្ភ ជ្រោមជ្រែងដល់កុមារ និងយុវជននៅក្នុង SFODA ឲ្យមានជីវភាពរស់នៅ និងអនាគតដ៏ល្អប្រសើរ រួមទាំងជាការបន្តថែរក្សា ចំណងសម្ព័ន្ធមេត្រីភាព រវាងសហគមន៍ជនជាតិថៃ នៅក្នុងប្រទេសកម្ពុជា ជាមួយប្រជាជនកម្ពុជា ព្រមទាំងជាការលើកកម្ពស់ចំណងមិត្តភាព របស់ប្រជាជនទៀតផងដែរ។
លោកស្រី អ៊ុក មុនីណារុំ នាយិកាប្រតិបត្តិ នៃសមាគមអភិវឌ្ឍន៍គ្រួសារ និងកុមារកំព្រា (SFODA) បានឲ្យដឹងថា បច្ចុប្បន្នសមាគម SFODA មានកុមារកំព្រាចំនួន៥៧នាក់ ក្នុងនោះ មានកុមារីចំនួន១៩នាក់។ កុមារទាំងអស់នេះ ត្រូវបានបញ្ជូនមកពីគ្រប់ខេត្តក្រុង ក្នុងប្រទេសកម្ពុជា តាមរយៈអាជ្ញាធរដែនដី អង្គការដៃគូ និងតាមរយៈសាច់ញាតិរបស់កុមារជាដើម។
លោកស្រី អ៊ុក មុនីណារុំ បានបញ្ជាក់ថា កុមារកំព្រាទាំងអស់ ជាប្រភេទកុមារកំព្រា ដែលត្រូវឪពុកម្តាយបោះបង់ចោល ឬ កំព្រាឪពុក កំព្រាម្តាយ ឬឪពុកម្តាយចំណាកស្រុក ទៅធ្វើការនៅប្រទេសក្រៅ ដោយមិនត្រឡប់មកវិញ។
លោកស្រី បន្តទៀតថា មានកុមារមួយចំនួនត្រូវឪពុកម្តាយ ស្លាប់ចោលដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ហើយក៏មានកុមារមួយ ចំនួនផ្ទុកមេរោគអេដស៍ពីកំណើត និងមានកុមារពិការ កុមារអសមត្ថភាពផងដែរ។ កុមារឌែល កំពុងរស់នៅក្នុងមណ្ឌល ត្រូវបានមណ្ឌលមើលថែ យ៉ាងយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅ ដូចកុមារនៅតាមផ្ទះផងដែរ។
នាយិកាប្រតិបត្តិ បានបន្ថែមថា កុមារទាំងអស់ ត្រូវបានបញ្ជូនទៅសាលារដ្ឋ និងសាលាឯកជន ដើម្បីទទួលបានចំណេះដឹងទូទៅ និងភាសាអង់គ្លេស។ កុមារចំនួនមានឪពុកម្តាយធម៌ នៅក្រៅប្រទេស គឺទទួលបានការឧបត្ថម្ភបន្ថែម។
សូមជម្រាបថា បច្ចុប្បន្ន សមាគមអភិវឌ្ឍន៍គ្រួសារ និងកុមារកំព្រា ចិញ្ចឹមថែទាំកុមារចំនួន៦០នាក់ អាយុចាប់ពី៣ឆ្នាំ ដល់២០ឆ្នាំ ដោយ SFODA ជាអ្នករៀបចំកន្លែងស្នាក់នៅ ម្ហូបអាហារ និងការសិក្សារៀនសូត្រ ជូនដល់កុមារទាំងអស់នោះ៕