(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបញ្ចេញប្រតិកម្មខ្លាំងៗ លើករណីករណីអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលស្រវឹងស្រាបើករថយន្តតាមរករឿង និងរហូតបាញ់ប៉ងសម្លាប់ជនរងគ្រោះទាំង ២នាក់ប្តី-ប្រពន្ធ ដែលនាំឲ្យកក្រើកតាមបណ្តាញសង្គម Facebook នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ ប៉ុន្តែមិនត្រូវបានកាត់ទោស តាមច្បាប់ទៅវិញ។
ប្រតិកម្មបានធ្លាក់មកបន្តបន្ទាប់ ទាំងមន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងប្រធានគណបក្សយុវជនកម្ពុជាទៅលើករណីនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីមានព័ត៌មានថា ជនបង្ក ឌួង ណាគ្រី មានតួនាទីជាអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ មិនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ គឺត្រឹមដាក់វិន័យតាមកងកម្លាំងនគរបាលជាតិទៅវិញ។
លោក ពេជ្រ ស្រស់ បានថ្លែងបញ្ជាក់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «នៅកម្ពុជាគួរដល់ពេលអនុវត្តច្បាប់ស្តង់ដាតែមួយហើយ គឺមិនអាចធ្វើឲ្យច្បាប់ ថយអំណាចនោះទេ ហើយរឿងបាញ់បោះសេរីកន្លងមកគឺទាំងឧកញ៉ា និងទាំងក្មួយអ្នកធំ គឺត្រូវបានអនុវត្តច្បាប់នៅក្នុងពន្ធនាគារ ក៏ប៉ុន្តែហេតុអ្វីបុគ្គលម្នាក់នេះ (អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ដួង ណាគ្រី) ដែលប្រើអាវុធរហូតដល់ប៉ងសម្លាប់ពលរដ្ឋ បែរជាមិនជាប់គុកទៅវិញ បើសិនជាអ្នកអនុវត្តច្បាប់ធូររលុងរបៀបនេះ គឺស្មើនឹងបើកដៃឲ្យពួកឧក្រិដ្ឋជនធ្វើអ្វីៗ តាមទំនើងចិត្ត ហើយពលរដ្ឋរស់ក្នុងភាពភ័យខ្លាចសង្គមនឹងក្លាយទៅជាអសន្តិសុខ ហើយអំពើអយុត្តិធម៌នឹងកើតពាសពេញ ផ្ទៃប្រទេសមិនខានឡើយ។ ជាពិសេសការគំរាមកំហែងដល់ពលរដ្ឋទន់ខ្សោយពីសំណាក់អ្នកមានអំណាចនឹងបន្តកើតមានមិនឈប់ឈរ ដោយសារច្បាប់គ្មានឥទ្ធិពលលើជនពាល និងអ្នកមានអំណាច»។
ប្រធានគណបក្សយុវជនកម្ពុជារូបនេះ បានសង្កត់ធ្ងន់ទៀតថា «ក្នុងករណីខាងលើនេះខ្ញុំនឹងសួរទៅក្រសួងយុត្តិធម៌ ដើម្បីតាមដានការអនុវត្តច្បាប់របស់តុលាការ ដែលមិនអនុវត្តច្បាប់ស្មើភាពលើបុគ្គលបាញ់បោះលើ ពលរដ្ឋដោយប៉ុនប៉ងសម្លាប់ដោយចេតនា បែរជាមិនជាប់គុកទៅវិញ»។
នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ចេញប្រតិកម្មថា ករណីអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលស្រវឹងស្រាបើករថយន្តតាមរករឿង និងរហូតបាញ់រថយន្តជនរងគ្រោះទាំង ២នាក់ប្តី-ប្រពន្ធ ជាបទល្មើសព្រហ្មទណ្ឌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះយ៉ាងដូច្នេះថា «ការដាក់វិន័យចំពោះកំហុសរបស់មន្ត្រីនគរបាលណាម្នាក់ មិនរារាំងដល់ការអនុវត្តច្បាប់ របស់ស្ថាប័នតុលាការទេ ប្រសិនបើកំហុសនោះជាអំពើល្មើសព្រហ្មទណ្ឌ»។
សម្រាប់ករណីនេះមហាជននៅតែចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់ជនរងគ្រោះ ចំពោះមន្រ្តីនគរបាលជានខ្ពស់ ដែលបានប្រព្រឹត្តបទល្មើសធ្ងន់បែបនេះ ត្រឹមទទួលរងការដាក់វិន័យ កងកម្លាំងទៅវិញ ខណៈដែលរឿងស្រដៀងនេះកាលពីពេលកន្លងទៅ និងធ្លាប់កើតមានឡើងនៅក្នុងសង្គម ជនបង្កត្រូវបានកាត់ទោសតាមច្បាប់។
លោក សែម សុតាន់ ប្រធាននាយកដ្ឋានតម្រួតបទបញ្ជារបស់ក្រសួងមហាផ្ទៃ ក៏បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌរូបនេះ ត្រូវបានបញ្ជូនមកដល់កន្លែងរបស់លោកនៅល្ងាចម្សិលមិញ។ សម្រាប់ការដាក់វិន័យកងកម្លាំងនគរបាលជាតិ លោក សែម សុតាន់ មិនអាចធ្វើការអធិប្បាយនោះទេ ដោយបង្វែឲ្យទៅសួរនាំ លោកឧត្តមសេនីយ៍ផ្កាយ៣ ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ពីព្រោះលោកចាំតែធ្វើបានបទបញ្ជារបស់ថ្នាក់ដឹកនាំប៉ុណ្ណោះ៕