(ស្វាយរៀង)៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលដល់មេភូមិ និងមេឃុំ នៃស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ស្តីពីទម្រង់សំណួរស្រង់ទិន្នន័យជនពិការសម្រាប់ភូមិ/ឃុំ និងផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។
វគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសកម្មភាពកំចាត់មីនខេត្ត មន្ទីរវិស័យជុំវិញខេត្ត អាជ្ញាធរភូមិ ឃុំ ទូទាំងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង សរុបប្រមាណជាង ២០០ នាក់។
ទេសរដ្ឋមន្រ្តី បានថ្លែងថា ខេត្តស្វាយរៀង គឺខេត្តមួយក្នុងបណ្តាខេត្តដទៃទៀត ដែលរងទទួលផលប៉ះពាល់ដោយសារគ្រាប់ទម្លាក់ពីលើអាកាសរបស់សហរដ្ឋអាមេរិក កាលពីសម័យឥណ្ឌូចិន ហើយគ្រាប់ទម្លាក់ទាំងនោះ នៅតែបង្កការគ្រោះថ្នាក់គ្រប់ពេលវេលាដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា។ កន្លងទៅនេះ នៅស្រុករមាសហែក ខេត្តស្វាយរៀង មានបងប្អូនប្រជាពលរដ្ឋ រួមទាំងកុមារ បានទទួលរងប៉ះពាល់ដោយសារការសាយភាយនៃសារធាតុគីមី។
ទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក បន្តបំពេញកាតព្វកិច្ច ក្នុងការបោសសម្អាតឲ្យអស់នូវគ្រាប់ទម្លាក់ពីលើអាកាស ដែលខ្លួនបានបង្កឡើងនាសម័យសង្គ្រាមកាលពីអតីតកាល។
ឆ្លៀតក្នុងឱកាសនេះ ទេសរដ្ឋមន្ត្រី បានពាំនាំសេចក្តីនឹករលឹក និងការសួរសុខទុក្ខពី សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនជាជនពិការ មេភូមិ ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង៕