(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានជាច្រើនអង្គភាពនៅក្នុងខេត្តរតនគិរី ដោយលោកស្នើឲ្យ អ្នកសារព័ត៌មាន ពង្រឹងក្រមសីលធ៌មវិជ្ជាជីវៈ មានចំណេះដឹងក្នុងការសរសេរអត្ថបទ ការផលិតព័ត៌មានឲ្យបានត្រឹមត្រូវ និងអាចទុកចិត្តបាន។
ថ្លែងនារាត្រីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ លោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ ក្នុងនាមជាអ្នកឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម ជាអ្នកនាំសារដ៏ល្អដែលមិនអាចខ្វះបាន។
លោក ថង សាវុន បានបន្តថា ស្របពេលជាមួយទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៦ ថ្ងៃទី៣ ឧសភានេះផងដែរ រូបលោកសូមចូលរួមអបអរសាទរជាមួយអ្នកសារព័ត៌មាន និងសូមឲ្យអ្នកសារព័ត៌មានទាំងអស់ពង្រឹងនូវក្រមសីលធ៌ម វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងនូវសមត្ថភាពចំណេះដឹងក្នុងការសរសេរអត្ថបទ ការផលិតព័ត៌មានឲ្យបានត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងអាចទុកចិត្តបានដោយឈរលើប្រភពព័ត៌មាន។
លោកបន្ថែមថា អ្នកសារព័ត៌មានមិនត្រូវជឿលើប្រភពព័ត៌មានទាំងស្រុងឡើយ គឺត្រូវចេះពិនិត្យនិងផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ លើព័ត៌មានដែលប្រភពផ្តល់ឲ្យ មុននឹងផ្សព្វផ្សាយ និងមិនត្រូវផ្សព្វផ្សាយព័ត៌មានមិនពិតដែលអាចបង្កដល់បញ្ហាសង្គម បរិហារកេរ្តិ៍ ឫការប្រមាថដល់បុគ្គល សមត្ថកិច្ច ជាភ្នាក់ងារដល់អ្នកណាមួយឡើយ ដោយឈរលើមូលដ្ឋាននៃព័ត៌មានពិត និងត្រឹមត្រូវហើយមានសារៈប្រយោជន៍។
លោកអភិបាលខេត្តរូបនេះ បញ្ជាក់ទៀតថា អ្នកសារព័ត៌មានត្រូវរួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ តាមរយៈការចេញព័ត៌មានពិតស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕