(កំពង់ធំ)៖ ស្វាមីជាអតីតយុទ្ធជនពិការជើងដោយសង្គ្រាម និងភរិយាក៏ជាជនពិការជើងរងគ្រោះដោយសារសង្គ្រាម មានកូនម្នាក់នៅក្នុងបន្ទុកគ្រួសារមួយ មិនមានជម្រកស្នាក់នៅទេ ហើយកន្លងមកទៅធ្វើការនៅទីក្រុងភ្នំពេញ។
លោក កែវ ថា មានអាយុ ៥៥ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៨០ នៅអង្គរភាពយោធាខេត្តឧត្ដរមានជ័យ ហើយត្រូវរបួសពិការជើងដោយជាន់មីន នៅក្នុងសមរភូមិ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៨២ មានភរិយាឈ្មោះ អ៊ុច វុន អាយុ៥៧ឆ្នាំ ពិការជើងដោយសារជាន់មីន នៅក្នុងព្រៃក្នុងពេលដើររកប្អូន នៅភ្នំដែក។ គ្រួសារនេះមានកូនម្នាក់នៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងក្នុងពិធីប្រគល់ផ្ទះថ្មីជូនអតីតយុទ្ធជន នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ថា នេះគឺជាក្នុងផ្ទះទី១១៨ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ ផ្ទះថ្មីនេះត្រូវបានចំណាយថវិកាក្នុងការសាងសង់ អស់ទឹកប្រាក់ប្រាក់ចំនួន ៦,៩៨៥,០០០រៀល។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ជូនអាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងឱកាសនេះផងដែរថា អតីតយុទ្ធជនត្រូវបានសម្ដេចតេជោប្រធានសមាគមអតីតយុទ្ធជន និងជាប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់បំផុតគឺ ពេលគាត់មានជំងឺ មានប័ណ្ណបេឡាជាតិ សន្តិសុខសង្គម ទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋនានា ដោយឥតគិតថ្លៃ។
លោកបន្ថែមថា អតីតយុទ្ធជនទទួលមរណភាព គ្រួសារសពបានទទួលប្រាក់ចំនួន ៤លានរៀល ធ្វើបុណ្យសពដោយគណៈកម្មាធិការសមាគមអតីតយុទ្ធជនមកបើកជូនដល់លំនៅដ្ឋាន ហើយបន្តមកគ្រួសារសពអតីតយុទ្ឋជន បានទទួលប្រាក់ធានារ៉ាប់រងសង្គម តាមប្រភេទសោធននិវត្តន៍ បាត់បង់សមត្ថភាព និងពិការដើម្បីគ្រួសារសពមានប្រាក់កសាងជីវភាពរស់នៅបន្តទៀត។
លោកថា អតីតយុទ្ធជនមានដី តែមានផ្ទះរស់នៅមិនសមរម្យ ឬគ្មានផ្ទះរស់នៅត្រូវបានសម្ដេចតេជោសាងសង់ផ្ទះជូន ហើយអ្នកដែលគ្មានដីគ្មានផ្ទះ សម្ដេចតេជោប្រធានសមាគម បានបញ្ជាឲ្យអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ រៀបចំដីសម្បទានសង្គមកិច្ចកសាងផ្ទះសម្បែង រៀបចំជាភូមិដ្ឋាន និងមានដីបង្កបង្កើនផលជាលក្ខណៈគ្រួសារ ដែលបច្ចុប្បន្នអាជ្ញាធរខេត្តកំពង់ធំ កំពុងគិតគូរដោះស្រាយ៕