Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសចំណាស់វ័យ៧៩ឆ្នាំ បានស្លាប់កណ្តាលវាលស្រែ ដោយសារក្របីផ្អើលទាញអូសជាច្រើនម៉ែត្រ នៅស្រុកជ័យសែន ខេត្តព្រះវិហារ

03-05-2019 04:57

(ព្រះវិហារ)៖ បុរសវ័យចំណាស់ម្នាក់បានបាត់បង់ជីវិត គួរឲ្យអណោចអធ័មកណ្តាលវាលស្រែ ដោយសារក្របីផ្អើលទាញអូសជាច្រើនម៉ែត្រ។

ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្រែដូនញ៉ា ចំងាយពីភូមិម៉ឺនរាជ១គីឡូម៉ែត្រ ស្ថិតក្នុងភូមិខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក តៀម សង្គ្រាម អធិការនគរបាលស្រុកជ័យសែន បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះថា មុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹង ហើយទៅឃ្វាលក្របីនៅចំណុចកើតហេតុខាងលើ ដោយយកខ្សែររុំនឹងដៃតាមទម្លាប់ធម្មតា។ ប៉ុន្តែចៃដន្យពេលក្របីផ្អើល បានរត់ហើយអូសជនរងគ្រោះជាម្ចាស់ត្រឡប់ត្រឡិន បណ្តាលឲ្យស្លាប់តែម្តង។

លោកអធិការបានបន្តថា ករណីជនរងគ្រោះស្លាប់ដោយសារក្របីនេះ មានឈ្មោះ ស្រី ម៉ាន់ ភេទប្រុស អាយុ៧៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ លោកថាជនរងគ្រោះពិតជាស្លាប់ដោយសារក្របីអូសពិតប្រាកដមែន ដោយលើដងខ្លួនមានស្លាកស្នាមរលាត់ជាច្រើនកន្លែង និងបានប្រគលសាកសព ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕