(ស្វាយរៀង)៖ លោក ចៅ ភិរុណ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយជ្រំ បានថ្លែងថា ក្រុមការងារថ្នាក់ជាតិមានតួនាទីសំខាន់ណាស់ ដើម្បីលើកកម្ពស់កិច្ចសហការសម្របសម្រួល ក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន។

ការថ្លែងរបស់លោក ចៅ ភិរុណ បែបនេះនៅក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយជ្រំ ដែលមានការចូលរួមពីក្រុមការងារជាច្រើនរូប នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ០១៩ នៅអគារសាលប្រជុំគណបក្សស្រុកស្វាយជ្រំ។

លោក ចៅ ភិរុណ បានថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធីផងដែរ។

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបន្ថែមថា ការបង្កើតក្រុមការងារថ្នាក់ជាតិ គឺដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ហើយក៏ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាជននៅមូលដ្ឋាន ដោយផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយនឹងប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាពគោលនយោបាយតាម វិស័យដូចជាសភាពការរួមរបស់ប្រទេសជាតិ ដោយផ្សារភ្ជាប់សភាពការណ៍នៅមូលដ្ឋាន។

លោក ចៅ ភិរុណ ថ្លែងបន្តថា ទន្ទឹមនឹងនេះក្រុមការងារក៏មានតួនាទីសហការ ជំរុញលើកកម្ពស់ការទទួលខុសត្រូវគណនេយ្យភាព របស់ក្រសួងស្ថាប័នក៏ដូចជា រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការ ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានឲ្យមានប្រសិទ្ធភាពតាមរយៈការត្រួតពិនិត្យ តាមដាន និងគាំទ្រការអនុវត្តកម្មវិធីគម្រោង ផែនការសកម្មភាពនានានៅតាមូលដ្ឋាន។ លោកបានបន្តថា ក្រុមការងារនេះក៏បានដើរតួនាទីសហការរៀបចំវេទិកាសាធារណៈ ដើម្បីស្តាប់ និងសហការ ដោះស្រាយនូវរាល់សំណើ និងសំណូមពរ បញ្ហាប្រឈម និងការលំបាកនានា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។

លោក ចៅ ភិរុណ បានបញ្ជាក់ថា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយជ្រំ រដ្ឋបាលស្រុកត្រូវដាក់ជូននូវបញ្ហាប្រឈម សំណូមពររបស់ប្រជាពលរដ្ឋដែលសុំឲ្យបំភ្លឺ និងជួយដោះស្រាយពីមន្ទីរស្ថាប័នដែលកំពុងបន្តរកដំណោះស្រាយ របស់ក្រុមការងារថ្នាក់ជាតិ សមត្ថកិច្ចរបស់រដ្ឋបាលស្រុក និងមួយចំនួនបញ្ចូលទៅក្នុងកម្មវិធីវិនិយោគរបស់ឃុំប្រចាំឆ្នាំ។

សូមបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០១៨ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្វាយជ្រំ បានរៀបចំវេទិការសាធារណៈសរុប១០៦លើក មានអ្នកចូលរួម៣៦២៩៣នាក់ ក្នុងនោះឆ្នាំ២០១៤ ចំនួន៩លើក ២០១៥បានចំនួន១៥លើក ឆ្នាំ២០១៦បាន១៧លើក ឆ្នាំ២០១៧ ១៨លើក។ ក្នុងឆ្នាំ២០១៨កន្លងមក ក្រុមការងារចុះមូលដ្ឋានស្រុកស្វាយជ្រំ បានរៀបចំវេទិកាសាធារណៈបានចំនួន៤៧លើក សរុបវត្តមានអ្នកចូលរួមចំនួន១០៥០៨នាក់ ស្រី៦៣៥៩នាក់ទូទាំង១៦ឃុំស្មើរនឹង១៣៩ភូមិនៅសល់១៩ភូមិទៀត។ ចំណែកឯក្រុមការងារងារថ្នាក់ជាតិនៅឆ្នាំ២០១៨ ចុះមូលដ្ឋានស្រុកស្វាយជ្រំ មាន២៧រូបស្រី៥រូប៕