Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូសភា ចូលគោរពវិញ្ញាណក្ខន្ធ លោក ឡេ ដឹកអាញ់ នៅស្ថានទូតវៀតណាម

03-05-2019 10:18

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ចូលគោរពវិញ្ញាណក្ខន្ធ លោក ឡេ ដឹកអាញ់ (Le Duc Anh) អតីតប្រធានាធិបតី និងជាអតីតមេទ័ពវៀតណាមដែលបានជួយកម្ពុជា ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

សូមបញ្ជាក់ថា លោក ឡេ ដឹកអាញ់ បានទទួលមរណភាពក្នុងអាយុ៩៩ឆ្នាំ កាលពីវេលាយប់ ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសាររោគាពាធ ហើយពេលនេះនៅប្រទេសវៀតណាម កំពុងរៀបចំពិធីបុណ្យសពរបស់លោកជាលក្ខណៈជាតិផងដែរ។

លោក Duc Anh បានចំណាយពេលភាគច្រើន ក្នុងមួយជីវិតរបស់លោក នៅឯភាគខាងត្បូងប្រទេសវៀតណាម ជាទីដែលរូបលោកបានចូលរួមក្នុងសង្រ្គាម របស់បក្សកុម្មុយនិស្តវៀតណាម ប្រឆាំងនឹងអាមេរិក។ លោកបានកាន់មុខតំណែងជាប្រធានាធិបតីវៀតណាម ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧ ដោយនៅឆ្នាំ១៩៩៥ លោកបានក្លាយជាប្រមុខរដ្ឋវៀតណាមដំបូងគេ ដែលបានឈានជើងជាន់លើទឹកដីអាមេរិក ក្រោយសម័យសង្រ្គាមវៀតណាម នៅពេលដែល រូបលោកធ្វើដំណើរទៅចូលរួមគម្រប់ខួប ៥០ឆ្នាំ របស់អង្គការសហប្រជាជាតិនៅញូយ៉ក។

លោក Le Duc Anh ទទួលបានការអប់រំនៅក្នុងអតីតសហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) និងពិការភ្នែកមួយចំហៀង និងធ្លាប់បានកាន់តួនាទីយោធាខុសគ្នាៗក្នុងអំឡុង សង្រ្គាមវៀតណាម ហើយលោក ក៏ត្រូវបាន ប្រទេសវៀតណាមចាត់ទុកជាបុគ្គលមួយរូប ដែលបានជួយរំដោះទីក្រុង សៃហ្គន (Saigon - ទីក្រុងហូជីមិញបច្ចុប្បន្ន) នៅក្នុងប្រតិបត្តិការវាយ និងផ្តួលរំលំរដ្ឋាភិបាលវៀតណាមខាងត្បូង ដែលគាំទ្រដោយអាមេរិក៕