(ភ្នំពេញ)៖ ក្នុងថ្ងៃអបអរសាទរទិវាសេរីភាពសារព័ត៌មានសាកលលោក៣ឧសភា លើកទី២៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវស្មោះត្រង់ក្នុងវិជ្ជាជីវៈ ក្លាហានហ៊ាននិយាយការពិត រិះគន់ក្នុងន័យស្ថាបនា និងត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងឧ្យឃើញតភាពសង្គម ដើម្បីជួយកសាងយុត្តិធម៌សង្គម រក្សាសុខសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ។
ក្នុងសារលិខិតអបអរសាទរទិវាសេរីភាពសារព័ត៌មានសាកលលោក សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការបើកទូលាយនូវសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្វើឲ្យវិស័យព័ត៌មានមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សទាំងសារព័ត៌មានបោះពុម្ពផ្សាយ សារព័ត៌មានអេឡិកត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ ដែលមាននិន្នាការផ្សេងៗគ្នាស្របតាមស្ថានភាពនយោបាយ និងការវិវឌ្ឍនៃបច្ចេកវិជ្ជាទំនើបនាពេលបច្ចុប្បន្នដែលអាចផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទាំងសកលលោកបានយ៉ាងឆាប់រហ័ស។
ក្នុងសង្គមប្រជាធិបតេយ្យសារព័ត៌មានត្រូវបានគេចាត់ទុកជាអំណាចទី៤ ដែលបានចូលរួមចំណែកយ៉ាងខ្លាំងសម្រាប់ពង្រឹងប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងពង្រឹងយុត្តិធម៌សង្គមផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អ្នកព័ត៌មានថា ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសក្តានុពលក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ គឺទាមទារឱ្យអ្នកសារព័ត៌មានខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព និងមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ និងហ៊ាននិយាយនូវព័ត៌មានពិត។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាបុគ្គលមួយរូបចូលចិត្តសរសេរ និងតែងនិពន្ធដែរនោះ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសក្តានុពលក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ គឺទាមទារឲ្យអ្នកសារព័ត៌មានទាំងអស់ ខិតខំប្រឹងប្រែងបន្តទៀតនូវការអភិវឌ្ឍសមត្ថភាពយល់ដឹងរបស់ខ្លួន និងមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ ក្លាហានហ៊ាននិយាយការពិត ធ្វើការរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិតដើម្បីឲ្យព័ត៌មានរបស់ខ្លួនក្លាយជាព័ត៌មានពិតហើយធ្វើការឆ្លុះបញ្ចាំងឲ្យឃើញគ្រប់តថភាពសង្គមដើម្បីចូលរួមចំណែកកសាងសង្គមមួយឲ្យមានភាពយុត្តិធម៌ សុខសន្តិភាព និងមានការអភិវឌ្ឍដែលជាបំណងប្រាថ្នារបស់មនុស្សជាតិនៅទូទាំងសកលលោក»។
នៅក្នុងថ្ងៃនៃទិវាសេរីភាពសារព័ត៌មានសាកលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានបរទេសទាំងអស់ ដែលកំពុងបំពេញការងារនៅកម្ពុជា និងបំពេញការងារនៅបរទេសក្តី ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុងដោយមិនបានផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ហើយធ្វើការឆ្លុះបញ្ចាំងសភាពការណ៍ទាំងមូលដោយពុំបានគិតគូអំពីក្រឹត្យក្រមក្បួនខ្នាតនៃការសរសេរព័ត៌មាន ឬការផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីបំប៉ោងសភាពការណ៍ និងបន្ទុះបង្អាប់ ញុះញង់អុជអាលឲ្យមានការស្អប់ខ្ពើម ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា និន្នាការនយោបាយ ឬ ស្ថានភាពដទៃទៀត ដែលធ្វើឲ្យមានអរិភាពដល់ទំនាក់ទំនងជាមួយប្រទេសដទៃ បង្កឲ្យមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ឬបង្កឲ្យមានទំនាស់ជាមួយបរទេសដែលធ្វើឲ្យអន្តរាយដល់ប្រទេសជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន ក៏បានទទូចឱ្យអ្នកសារព័ត៌មានត្រូវបន្តខិតខំអភិវឌ្ឍខ្លួនឲ្យមានសមត្ថភាពក្នុងការវិភាគសភាពការណ៍ទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិឲ្យបានស៊ីជម្រៅ ដើម្បីដើរទាន់ការវិវឌ្ឍសភាពការណ៍ទាំងនៅក្នុងប្រទេស នៅក្នុងតំបន់ និងនៅលើសកលលោកនាពេលបច្ចុប្បន្ន។
ព័ត៌មានក្លែងក្លាយជាប្រធានបទដ៏ព្រួយបារម្ភមួយរបស់ពិភពលោកលើវិស័យព័ត៌មានក្នុងយុគសម័យឌីជីថលនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យអ្នកសារព័ត៌មានរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនអគតិមួយចំនួន ដើម្បីបំរើមហិច្ឆតាលោភលន់របស់ខ្លួន ដែលកំពុងតែគំរាមកំហែងសុខសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅលើសកលលោកទាំងមូល៕