(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោក ផៃ ស៉ីផាន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍អះអាងថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់មហាយក្សចិន នឹងមិនផ្តល់នូវផលប៉ះពាល់ជាអវិជ្ជមាន ដល់ប្រទេសណាមួយឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
យោងតាមសេចក្តីថ្លែងការណ៍នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានជម្រាបថា ព័ត៌មានប្រឌិតបំពុលសាធារណៈ ពាក់ព័ន្ធនឹងភាពជាដៃគូរបស់កម្ពុជា ចូលរួមជាមួយគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រធានាធិបតីចិន លោក Xi Jinping គឺបានលើកឡើងនៅក្នុងទិសដៅ និងបំណងនៃការវាយតម្លៃបំភ្លៃ ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងវិនិច្ឆ័យខុស។
អង្គភាពអ្នកនាំពាក្យ បានជម្រាបជូនផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់លាស់ជាផ្លូវការថា ជំនួយនៅក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏វាងវៃ និងប្រសិទ្ធភាពរបស់សម្តេចតេជោ ក៏បានយល់ឃើញយ៉ាងច្បាស់ទាក់ទងទៅនឹងគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» តាមរយៈការតភ្ជាប់លើគ្រប់វិស័យ។ យុទ្ធសាស្ត្រ «ខ្សែក្រវាត់ និងផ្លូវ» នេះ ស្របគ្នានឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទិសដៅនៅក្នុងការតភ្ជាប់លើគ្រប់ផ្នែក និងគ្រប់វិស័យទាំងអស់ ទាំងក្នុងប្រទេស ក្នុងតំបន់ ក៏ដូចជាអន្តរជាតិក្នុងគោលការណ៍សមាហរណកម្ម។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងច្បាស់ថា សម្រាប់កម្ពុជា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសង្គម វប្បធម៌ ខុសប្លែកពីទស្សនៈមួយចំនួន ដែលយល់ថា គំនិតផ្តួចផ្តើមនេះ នឹងបណ្តាលឱ្យប្រទេសមួយចំនួនជាប់អន្ទាក់បំណុល។ ប្រទេសកម្ពុជាមិនត្រឹមតែអាចចរចា និងរៀបចំគម្រោងនេះ ដោយឈរលើស្មារតីនៃការការពារផលប្រយោជន៍ជូនជាតិ និងប្រជាជនរបស់ខ្លួនដោយស្មើភាព និងស្មើសិទ្ធិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រេចបាននូវការធ្វើវិស្វកម្មហិរញ្ញវត្ថុមួយ ដែលមិនបង្កើតបន្ទុកហិរញ្ញវត្ថុ និងបំណុលសាធារណៈដល់រដ្ឋថែមទៀតផង។
លោក ផៃ ស៉ីផាន បានថ្លែងបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «ដោយឈរលើស្មារតីខិតខំរួមគ្នា ចែករំលែកផលប្រយោជន៍ជាមួយគ្នា និងទទួលបានឱកាសដូចគ្នា ខ្ញុំយល់ថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នឹងមិនផ្តល់នូវផលប៉ះពាល់ជាអវិជ្ជមានដល់ប្រទេសណាមួយឡើយ ក្នុងនាមជាប្រទេសមានអធិបតេយ្យ យើងមានសិទ្ធិ និងជម្រើសក្នុងការសម្រេចយកតែអ្វីដែលយើងចង់បាន និងប្រភេទហិរញ្ញប្បទានណាដែលយើងត្រូវការ ហើយអនុវត្តគម្រោងទាំងនោះ ដោយឈរលើគោលការណ៍នៃការពង្រឹងភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជាតិរបស់ខ្លួន»។
អង្គភាពអ្នកនាំពាក្យ ក៏បានឆ្លៀតឱកាសជម្រាបជូន និងបញ្ជាក់បន្ថែមទៀតថា ឥរិយាបថ និងគោលការណ៍ រក្សា ការពារ ឯករាជ្យ និងអធិបតេយ្យភាព ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព និងកិត្តិយសនោះ គឺរាល់កម្ចីទាំងអស់ គឺស្ថិតនៅក្នុងកិច្ចរក្សាដាច់ខាតនូវការអភិវឌ្ឍប្រកបដោយ «ចីរភាព និងហានិភ័យកម្រិតទាប» ដែលជាគោលមូលដ្ឋានគ្រឹះរបស់រាជរដ្ឋាភិបាល។ កម្ចីទាំងអស់នោះ គឺស្ថិតនៅក្នុងអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេស ធៀបនឹងផលិតផលក្នុងស្រុកសរុបមានត្រឹមកម្រិត ២១,៤ ភាគរយ ធៀបនឹងអនុបាតគោល ៤០ភាគរយ (មានបង្ហាញក្នុងតារាងទី២.ក. នៃព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ៧ ទំព័រទី១២)។
អង្គភាពអ្នកនាំពាក្យ សាជាថ្មីម្តងទៀត បានវាយតម្លៃខ្ពស់ គោរព និងថ្លែងអំណរគុណយ៉ាងអនេក ក្នុងការសម្រេចចិត្តបោះឆ្នោតជ្រើសរើស សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិទី៦ និងបន្តបន្ទាប់ទៀត ជូនដល់គណបក្សប្រជាជនកម្ពុជា។ ជាមួយជម្រើសរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតជូន សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ក្នុងកិច្ចថែរក្សាសន្តិភាពប៉ុណ្ណោះទេ ក៏ជាជម្រើសដើម្បីកិត្តិយស និងមុខមាត់កម្ពុជា ប្រកបដោយវិបុលភាព ស្មើមុខស្មើមាត់ ដូចជាប្រជាជាតិនានានៅក្នុងពិភពលោក៕