(ភ្នំពេញ)៖ ក្រោយពីសាកសួរនៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ លោកចៅក្រមបានសម្រេចមិនឃុំខ្លួនជនត្រូវចោទឈ្មោះ ភ័ណ្ឌ សុភ័ក្រ នោះទេ ដោយដាក់ជននេះឲ្យស្ថិតក្រោម ការត្រួតពិនិត្យតាមផ្លូវតុលាការ។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនត្រូវចោទឈ្មោះ ភ័ណ្ឌ សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ក្លែងឯកសារ និងប្រើប្រាស់លិខិតសាធារណៈក្លែង ប្រព្រឹត្ដកាលពីអំឡុង ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
ពាក់ព័ន្ធករណីនេះលោក ណេប សាវី ជាដើមបណ្តឹង បានអះអាងប្រាប់អ្នកសារព័ត៌មានថា លោកបានទិញដីទំហំ ៧ហិកតា មានទីតាំងនៅបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ពីឈ្មោះ វ៉ា វិបុល កាលពីអំឡុងឆ្នាំ២០០៦ ដោយមានភូមិឃុំដឹងឮ និងមានលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីត្រឹមត្រូវ។
លោកបន្តថា ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានចេញលិខិត ស.ជ.ណ មួយតាមសំណើររបស់លោកជាម្ចាស់កម្មសិទ្ធិដីខាងលើ ដើម្បីឈូសឆាយ តាមការពិនិត្យ និងកំណត់ផ្ទាល់របស់មន្ត្រីជំនាញរបស់សាលាខេត្ត។ បន្ទាប់ពីបានលិខិតរបស់អភិបាលខេត្ត បានលក់អាចម៍ឲ្យក្រុមហ៊ុនជាច្រើនរាប់ម៉ឺនរថយន្ត។
ស្រាប់តែនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨លោក ផៃ ប៊ុនវណ្ណៈ អតីតអភិបាលរងខេត្តព្រះសីហនុ ចេញលិខិត ស.ជ.ណ ឲ្យឈ្មោះ គាំ សារិទ្ធ មានសិទ្ធិជីកយកអាចម៍ដីនៅលើដីរបស់លោកទៅវិញ។ ប៉ុន្តែដោយសារលោកមានឯកសារបញ្ជាក់ថា ជាម្ចាស់ដីពិតប្រាកដទើបលោកប្តឹងទៅអាជ្ញាធរពាក់ព័ន្ធឲ្យទប់ស្កាត់មិនឲ្យឈ្មោះ គាំ សារិទ្ធ ចូលធ្វើអ្វីលើដីនោះបាន។
លុះដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះ គាំ សារិទ្ធ បានចេញលិខិតធ្វើអំណោយដីរបស់លោកខាងលើទៅឲ្យឈ្មោះ ភ័ណ្ឌ សុភ័ក្រ វិញ។
ចាប់ពីពេលនោះមក ឈ្មោះ ភ័ណ្ឌ សុភ័ក្រ និងបក្ខពួកតែងតែបំពានចូលកាន់កាប់ដីរបស់លោក និងប្តឹងលោកជាម្ចាស់ដីទៅអាជ្ញាធរខេត្តព្រះសីហនុ ស្ទើរគ្រប់កន្លែងរហូតមក។ ដោយលោកមានឯកសារគ្រប់គ្រាន់ ទើបលោកអាចប្តឹងឈ្មោះ ភ័ណ្ឌ សុភ័ក្រ ចូលទៅក្រសួងមហាផ្ទៃ និងរហូតតុលាការចេញដីកាឲ្យនាំខ្លួន ជនត្រូវចោទរូបនេះទៅផ្តន្ទាទោសតាមច្បាប់។
ដោយឡែកបើយោងតាមឯកសារដែលអ្នកសារព័ត៌មានទទួលបាននោះ គឺឈ្មោះ ភ័ណ្ឌ សុភ័ក្រ និងឈ្មោះ ចាន់ វណ្ណនិត បានធ្វើលិខិតសុំអភ័យទោសមួយច្បាប់គោរពជូនលោកឧកញ៉ា លី យ៉ុងផាត់ ដោយមានលោកមេធាវី ណាច ទ្រី ចុះហត្ថលេខា និងបោះត្រាលើលិខិតនោះផង។ ខ្លឹមសាររបស់លិខិតសុំអភ័យទោសនោះបានបញ្ជាក់ថា ឈ្មោះ ភ័ណ្ឌ សុភ័ក្រ និងឈ្មោះ ចាន់ វណ្ណនិត បានរំលោភចូលកាន់កាប់ដីទំនាស់ខាងលើ ជាដីស្របច្បាប់របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលបានទិញតាំងពីឆ្នាំ១៩៩៣ ដោយមានប្លង់កាន់កាប់ត្រឹមត្រូវ។
ទោះជាយ៉ាងណា សំណុំរឿងដីធ្លីដ៏ចម្រូងចម្រាសនេះ ធ្វើឲ្យមហាជនងឿងឆ្ងល់ថា ហេតុអ្វីដំបូងឡើយមានឈ្មោះ គាំ សារិទ្ធ ចេញមុខអះអាងថា ខ្លួនជាម្ចាស់ដី និងតតាំងជាមួយឈ្មោះ ណេប សាវី៕