(បាត់ដំបង)៖ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ សម្តេចព្រះវនរ័ត្នកិត្តិឧសទ្ទេសបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តជាអធិបតីក្នុងពិធីបំបួស កុលបុត្រព្រះភិក្ខុ២អង្គ នៅវត្តពោធិ៍វាល ក្រុងបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ព្រះអនុគណក្រុង ស្រុក ចៅអធិការវត្តនានា ចូលរួមផងដែរ។
នៅក្នុងពិធីបុណ្យបំបួសកុលបុត្រនេះផងដែរ ព្រះភិក្ខុ២អង្គ បានប្រសូត្រចេញពីថ្នាក់ដឹកនាំខេត្ត៖
*ទី១៖ លោកបណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរង នៃគណៈអភិបាលខេត្ត ជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត
*ទី២៖ លោកឱសថបណ្ឌិត វឿង ប៊ុនរេត ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានស្ម័គ្រចិត្តសាងភ្នួសរយៈ៧ថ្ងៃ ដើម្បីជាបដិការតបស្នងសងគុណចំពោះ មាតាបិតា លាបំណន់ និងផ្សាភ្ជាប់ជាឧបនិស្ស័យ ក្នុងព្រះពុទ្ធសាសនាក្នុងបរិវេណវត្តសមសាន្តនៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
នៅក្នុងពិធីសាសនានេះដែរ សម្តេចសង្ឃ ណយ ច្រឹក គង់ជាអធិបតីរួមនឹងគ្រូសូត្រឆ្វេងស្តាំជាគ្រូឧប្បជ្ឈាយ៍ ធ្វើតាមលន្លង ប្រពៃណីព្រះពុទ្ធសាសនា រហូតដល់លោកទាំង២ ក្លាយជាព្រះភិក្ខុសង្ឃពេញលក្ខណៈ និងមានពិធីប្រគេនទេយ្យទានគ្រឿងឧបភោគបរិភោគ ដល់វត្តចំនួន ១២វត្តជាកិច្ចបង្ហើយផងដែរ៕