(ភ្នំពេញ)៖ លោក Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន មុននឹងបញ្ចប់អាណត្តិរយៈពេល ០៤ឆ្នាំ នៅកម្ពុជា។
នៅក្នុងជំនួបនោះ លោក Christopher Baltazar MONTERO ស្នើឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមីន និងយកកម្ពុជាធ្វើជាគំរូសម្រាប់ការងារបោសសម្អាតមីន។
លោក Christopher Baltazar MONTERO ក៏បានថ្លែងថា រយៈពេល ០៤ឆ្នាំ នៃបេសកកម្មរបស់ឯកឧត្តមនៅកម្ពុជា ប្រទេសកម្ពុជា មានការរីកចំរើន និងការអភិវឌ្ឍស្ទើរគ្រប់វិស័យ យ៉ាងឆាប់រហ័ស។ ជាមួយនឹងផ្លែផ្កានៃសុខសន្តិភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋខ្មែរមានការជឿទុកចិត្តលើខ្លួនឯងខ្ពស់ មានការយល់ដឹងស៊ីជម្រៅពីក្រោមដល់លើ និងមានការផ្លាស់ប្តូរផ្នត់គំនិតច្រើន។
ឯកអគ្គរដ្ឋទូត បានកើតសរសើរដល់ប្រជាពលរដ្ឋកម្ពុជា មានភាពរួសរាយរាក់ទាក់ ហើយលោកមានភាពសប្បាយរីករាយជាមួយនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានប្រជាពលរដ្ឋហ្វីលីពីន ប្រមាណជាង ៧ពាន់នាក់កំពុងបម្រើការងារនៅកម្ពុជា។
ជាការឆ្លើយតប ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសហ្វីលីពីន ដែលចូលរួមក្នុងការរៀបចំឲ្យមានដំណើរការ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន តំបន់អាស៊ាន (ARMAC) មានកិច្ចសហប្រតិបត្តិការល្អផ្នែកវិស័យសកម្មភាពមីន និងទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ៕