(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ បានប្រាប់ទៅកាន់កងកម្លាំងនគរបាលជាតិ ឲ្យព្យាយាមហ្វឹកហាត់គ្រប់មេរៀនទាំងអស់ ព្រោះថាការបង្ហូរញើលើទីលានហ្វឹកហាត់ ប្រសើរជាងការសម្រក់ឈាមលើសមរភូមិប្រយុទ្ធ។
សារដាស់តឿន និងណែនាំជាថ្មីរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ ត្រូវបានធ្វើឡើង ក្នុងពិធីបើកវគ្គហ្វឹកហ្វីន មុខជំនាញ និងយុទ្ធវិធីប្រតិបត្តិការដល់កងកម្លាំងនគរបាលអន្ដរាគមន៍ ការពារព្រំដែន វគ្គទី៩ លើកទី២ ប្រចាំឆ្នាំ២០១៩។ ពិធីនេះធ្វើនៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ស្ថិតក្នុងខេត្តព្រះវិហារ។
នាយឧត្តមសេនីយ៍អគ្គស្នងការរង បានបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងនគរបាលទាំងអស់ ពិសេសសិក្ខាកាមនៅក្នុងវគ្គទី៩នេះ ត្រូវចង់ចាំក្នុងចិត្តជានិច្ចថា យើងស៊ូបង្ហូរញើសលើទីលានហ្វឹកហ្វឺន ប្រសើរជាងសម្រក់ឈាមលើទីលានប្រយុទ្ធ ហើយការសាមគ្គីភាព គឺជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងអង្គភាពរឹងមាំ ដូច្នេះហើយត្រូវតែខិតខំហ្វឹកហាត់»។
អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានជំរុញឲ្យមន្រ្តីនគរបាលជាតិទាំងអស់ ប្រកាន់យកគោលជំហរ មនសិការស្នេហាជាតិ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈរបស់រាស្ត្រ តាមរយៈនៃការបោះឆ្នោត ប្រឆាំងដាច់ខាត រាល់សកម្មភាពញុះញ៉ុង បំបែកបំបាក់សាមគ្គីជាតិ បំពុលបរិយាកាសសង្គម។
នាយឧត្តមសេនីយ៍ សង្កត់ធ្ងន់ថា ចូលរួមកសាងអភិវឌ្ឍសង្គមជាតិ ស្រឡាញ់និងបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ គឺជាការអនុវត្តតួរនាទីរបស់មន្រ្តីនគរបាលជាតិ៕