(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ រួមជាមួយសាកលវិទ្យាធិការរង និងនាយកស្ថាប័នចំណុះសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ បានធ្វើបទបង្ហាញមួយជូនគណៈប្រតិភូក្រុមសេនានុព័ន្ធ អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា (The Military Attaché Corps of Phnom Penh – MACPP) ដឹកនាំដោយលោកវរសេនីយ៍ឯក Sarayut Boojue ប្រធានសេនានុព័ន្ធថៃ ជាប្រធានក្រុម។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជា តារា បានជម្រាបជូនភ្ញៀវអំពីជោគជ័យ នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវ សុខសន្តិភាពពេញេលេញលើផ្ទៃប្រទេស ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យសន្តិភាព និងការអភិវឌ្ឍរីកចម្រើនឈានឡើងគ្រប់ វិស័យ ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងនោះរួមទាំងការកសាងពង្រឹង ការកែទម្រង់កងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ បានលើកឡើងអបអរលទ្ធផលជាផ្លែផ្កា នៃទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ កាន់តែល្អរវាងអនុព័ន្ធយោធានៃបណ្តាប្រទេសទាំងអស់ ជាមួយកងយោធពលខេមរភូមិន្ទ ពិសេសជាមួយសាកលវិទ្យាល័យការពារជាតិ។
នាយឧត្តមសេនីយ៍ ជា តារា បានបញ្ជាក់បន្ថែមថា សាកលវិទ្យាល័យការពារជាតិ បាននិងកំពុងអនុវត្តន៍ តួនាទីបណ្តុះបណ្តាល និងហ្វឹកហ្វឺនដល់និស្សិតសិក្ខាកាម ជានាយទាហានតាមគោលការណ៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី «កងទ័ពជាខឿនការពារជាតិ របស់ប្រជាជន» ដើម្បីសម្រេចគោលដៅ កសាងពង្រឹងសាកលវិទ្យាល័យ ការពារជាតិ និងតាមការណែនាំដោយផ្ទាល់របស់សម្តេចពិជ័យសេនា ទៀត បាញ់ តាមគោលសំខាន់២គឺ រួមមាន៖
*ទី១៖ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិ
*ទី២៖ ជាមជ្ឈមណ្ឌលតម្រង់ទិសគោលជំហរទស្សនៈ នយោបាយការពារជាតិចំទិស មានន័យថា បណ្តុះនិស្សិតនាយទាហានឲ្យរៀនពូកែ មានសញ្ញាបត្រ ក្លាយជាកងទ័ពម្នាក់ មានសមត្ថភាពដឹកនាំបំពេញភារកិច្ចការពារ ជាតិមាតុភូមិ ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមានចរិកប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាល ព្រមទាំងឲ្យក្លាយជាកម្លាំងពិតមួយ ដែលស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារ គោរពជឿជាក់លើការ ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន។
លោកវរសេនីយ៍ឯក Sarayut Boojue ប្រធានសេនានុព័ន្ធថៃ ជាប្រធានក្រុម និងប្រធានអនុព័ន្ធយោធា នៃបណ្តាប្រទេសទាំងអស់ បានអះអាងដូចៗគ្នាថា យល់ព្រមតភ្ជាប់ និងបន្តរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទ ក៏ដូចជាជាមួយសាកលវិទ្យាល័យការពារជាតិកម្ពុជា ឲ្យបានរឹងមាំនាពេលបច្ចុប្បន្ន និងអនាគត។
ជាទីបញ្ចប់នៃជំនួបការងារនេះ ភាគីទាំងពីរបានប្រគល់វត្ថុអនុស្សាវរីយ៍ ជាចំណងមិត្តភាព យ៉ាងរឹងមាំ និងបានទស្សនា ថ្នាក់រៀន និងអាគារស្នាក់នៅរបស់និស្សិត ដែលកំពុងកើនឡើង នៃនិស្សិតសិក្ខាកាមផងដែរ៕