(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងលោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា និងមន្ត្រី០២រូបទៀត ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ។
យោងតាមមាត្រា១ នៃព្រះរាជក្រឹត្យ ព្រះមហាក្សត្របានបញ្ចប់មុខតំណែងសមាសភាពឧត្តមក្រុមប្រឹក្សា និងផ្តល់យោបល់ ០២រូបគឺ៖ ១៖ លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា មានឋានៈស្មើទេសរដ្ឋមន្ត្រី និង ២៖ លោក ចន្ទ ភាព ដែលមានឋានៈស្មើរដ្ឋមន្ត្រី។
ជាមួយគ្នានេះ យោងតាមមាត្រា២ នៃព្រះរាជក្រឹត្យដដែល ព្រះមហាក្សត្យក៏បានបញ្ចប់មុខតំណែងលោកស្រី ច័ន្ទមុនី លក្ម្សី ពីសមាសភាពមន្ត្រីតំណាងក្នុងលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្មើនឹងអនុរដ្ឋលេខាធិការផងដែរ។
សូមបញ្ជាក់ថា លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា អតីតប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារ ចាប់ខ្លួនជាមួយនឹងសហការីម្នាក់ទៀត កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ដោយសង្ស័យថា ជាអ្នកនៅក្រោយនៃការដែលពលរដ្ឋរាប់សិបនាក់ នាំគ្នាទៅតវ៉ាប៉ុនប៉ងរំដោះអ្នកជាប់ឃុំ។
មុនពេលចាប់ខ្លួនលោកស្រី គឺសមត្ថកិច្ចបានពង្រាយរថយន្តបាញ់ទឹកជាច្រើនគ្រឿង និងដាក់កំណាត់ឈើនៅលើដងផ្លូវដើម្បីរារាំងពលរដ្ឋរាប់សិបនាក់ ដែលបើកគោយន្ត សំដៅទៅកាន់ពន្ធនាគារខេត្តព្រះវិហារ។ នៅទីនោះដែលមានពលរដ្ឋចំនួន១៤ ត្រូវបានចាប់ឃុំខ្លួនកាលពីពេលកន្លងទៅ ពាក់ព័ន្ធនឹងការកាន់កាប់ទន្ទ្រានយកដីរបស់រដ្ឋ នៅក្នុងតំបន់ដែន ជម្រក សត្វព្រៃ គូលែន ព្រហ្មទេព៕