(កំពង់ចាម)៖ ថ្វីត្បិតតែយើងមិនអាចទប់ស្កាត់បាន នូវគ្រោះធម្មជាតិ ប៉ុន្តែយើងក៏អាចជួយដោះស្រាយកង្វល់ ជូនប្រជាពលរដ្ឋ ខណៈពេលដែលពួកគាត់រងគ្រោះ ដោយសារគ្រោះធម្មជាតិនោះ។ នេះជាការលើកឡើងរបស់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ថ្លែងទៅកាន់ប្រជាពលរដ្ឋរងគ្រោះដោយសារ តែខ្យល់កន្ត្រាក់ប៉ើងដំបូលផ្ទះ ចំនួន១៩គ្រួសារ នៅក្នុងឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។
ខណៈពេលលោកអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យ នៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ដែលប្រជាពលរដ្ឋបានរងគ្រោះដោយសារភ្លៀង លាយខ្យល់កន្ត្រាក់ និងប៉ើងដំបូល និងមានរន្ទះ កាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅថ្មីៗនេះ លោក គួច ចំរើន បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ជាមួយនឹងការដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូន ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះ។
លោកក៏សូមពាំនាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ហើយសម្ដេចគតិព្រឹទ្ធបណ្ឌិត ក៏សូមជួយរំលែកទុក្ខកង្វល់ ពីប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានោះលោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់ក្រុមមន្ត្រីអាជ្ញាធរស្រុក ដែលបានយកចិត្តទុកដាក់ចុះជួយដល់ប្រជាពលរដ្ឋភ្លាមៗ នៅខណៈពេលដែលប្រជាពលរដ្ឋ ជួបនូវគ្រោះធម្មជាតិនោះ ។
ក្នុងឱកាសនោះ លោក គួច ចំរើន បានពាំនាំនូវថវិកាជូនដល់សិស្សសាលាបឋមសិក្សាស្រែប្រាំង ដែលរងរបួស៥នាក់នោះ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ដើម្បីទុកព្យាបាលរបួស។ ដោយឡែកចំពោះប្រជាពលរដ្ឋ ១៩គ្រួសារ ដែលរងគ្រោះដោយប៉ើងដំបូល បានទទួលប្រាក់ឧបត្ថម្ភ ក្នុងមួយគ្រួសារ ២០ម៉ឺនរៀល ដើម្បីយកទៅជួសជុលដំបូលឡើងវិញ៕