(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ លោក ហ៉ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីធម្មការ និងសាសនា អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ មកពីឃុំចំនួន៣ឃុំ មានឃុំដូង កំពង់ត្រាច ឃុំជ្រៃធំស្មើ២០០គ្រួសារ។ ពិធីសំណេះសំណាលនេះ បានរៀបចំនៅសាលាស្រុករមាសហែក ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឆេ យុងសុះ ប្រធានអង្គការមជ្ឈមណ្ឌលសម្លេងនៃក្តីសង្ឍឹម ព្រមទាំងប្រតិភូអមដំណើរនៃក្រសួងធម្មការ និងសាសនា និងថ្នាក់មូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋសរុប២៩៦នាក់។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី ហ៉ឹម ឆែម បានថ្លែងអំណរគុណចំពោះអង្គការមជ្ឈមណ្ឌលសម្លេងនៃក្តីសង្ឍឹម ព្រមទំាងសប្បុរសជន ដែលតែងតែជួយផ្តល់ដូចជា សម្ភារ ថវិកា និងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ផ្តល់អណ្តូងទឹក បង្គន់អនាម័យ ដល់សហគមន៍ និងសាលារៀន ពិសេសបងប្អូនទីទ័លក្រជាដើម។
ទេសរដ្ឋមន្រ្តី ហ៉ឹមឆែម បានថ្លែងបន្តទៀតថា ក្នុងនាមក្រសួងធម្មការនិងសាសនា លោកសូមសម្តែងនូវការកោតសសើរ និងថ្លែងអំណរគុណចំពោះរដ្ឋបាលស្រុក ព្រមទំាងប្រជាពលរដ្ឋនៅទូទំាងខេត្ត ដោយឡែកស្រុករមាសហែក ដែលចូលរួមក្នុងការការពារសុខសន្តិភាព ដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ដោយរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «បើគ្មានសន្តិភាពយើងមិនអាចនិយាយពីការអភិវឌ្ឍបានឡើយ ដោយឡែកស្រុករមាសហែក កំពុងទទួលបាននូវផ្លែផ្កាយ៉ាងធំធេងពីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនកាន់តែមានជីវភាពល្អប្រសើឡើង»។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង២៩៦ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម និងក្រមាមួយ ព្រមទាំងបានផ្តល់អណ្តូងទឹកចំនួន៥ ដល់ប្រជាពលរដ្ឋក្រីក្រមកពីឃុំអំពិល។ បន្ទាប់ពីពិធីសំណេះសំណាលរួច លោកទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារបន្តចុះប្រគល់អណ្តូងទឹកជូនដល់ប្រជាពលរដ្ឋទំាង៥គ្រួសារ មានភូមិតាម៉ៅ ត្នោត និងភូមិអំពិល ឃុំអំពិលផងដែរ៕