(ឧត្ដរមានជ័យ)៖ មានការបែកធ្លាយមកថា លោកអនុសេនីយ៍ឯក ជ័យ វាស្នា មេប៉ុស្ដិ៍នគរបាលរដ្ឋបាលអូស្មាច់ បានចាប់បុរសចំណាស់ម្នាក់អាយុ៦១ឆ្នាំ ម្នាក់មកធ្វើទារុណកម្ម វាយដំតាមតែអំពើចិត្តនិងបានបាញ់គំរាម ២គ្រាប់ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ឈ្មោះ ព្រុំ រស់ ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូស្មាច់ ក្រុងសំរោង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះថា លោក ជ័យ វាស្នា មេប៉ុស្ដិ៍រដ្ឋបាលនគបាលអូស្មាច់ និងមន្រ្ដីក្រោមឱវាទ បានចាប់ធ្វើទារុណកម្ម និងបាញ់គំរាមរូបលោក។
លោកតា ព្រុំ រស់ បានឲ្យដឹងបន្តថា លោកអនុសេនីយ៍ឯក ជ័យ វាស្នា បានទៅដល់ផ្ទះរបស់គាត់បាញ់គំរាម ១គ្រាប់ ពេលគាត់រត់គេចខ្លួន បានបាញ់គំរាមពីគ្រប់ថែមទៀត។ ពេលចាប់រូបគាត់បានលោក ជ័យ វាស្នា និងមន្រ្ដីក្រោមឱវាទ និងប្រជាការពារភូមិសរុប ចំនួន៤នាក់បានយកដែកជ្រុង វាយដំ និងទះកំផ្លៀងគាត់តាមអំពើរចិត្ត រហូតគ្រាំគ្រាឈឺចុកចាប់ពេញខ្លួន។
ពាក់ព័ន្ធករណីនេះលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តបានប្រាប់ភ្នាក់ងារអង្គភាព Fresh News នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ថា ករណីខាងលើនេះអត់ការពិតទេ។
លោកបានអះអាងថា ឈ្មោះ ព្រុំ រស់ បានដេញកាប់គេ កាប់ឯងពេញភូមិ។ លោកស្នងការនគរបាលខេត្តបន្តថា ជាធម្មតាមន្ត្រីជំនាញបាញ់ឡើងលើប៉ុណ្ណោះ ដើម្បីឲ្យឈ្មោះ ព្រុំ រស់ ចោលកាំបិត ពូថៅរបស់គាត់។
ឧត្តមសេនីយ៍ទោ ម៉ែន លី បញ្ជាក់ថា «មនុស្សគាត់អញ្ចឹង ខ្លួនប្រាណគាត់ដែលល្អ យើងទៅវៃអីគាត់ មានច្បាប់ទម្លាប់គេមាន គាត់នៅតែបង្ខូចទៀត»។ លោកថា «បញ្ហាខាងលើនេះ ធ្វើត្រូវតែដាក់(ខ្នោះជើង) និងឃាត់ទុកឲ្យគាត់ស្វាងសិនទើបដោះចេញ និងអប់រំ ទាល់តែក្រុមគ្រួសារគាត់មិនធានាទើបយើងដោះលែងវិញ»៕