(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានអំពាវនាវជាថ្មីទៀត ដល់ម្ចាស់ក្រុមហ៊ុនសំណង់, អាជីវករ និងប្រជាពលរដ្ឋ រស់ក្នុងក្រុងព្រះសីហនុទាំងអស់ ឲ្យបន្តចូលរួមវេចខ្ចប់កាកសំណល់សំរាម នៅតាមទីតាំងរៀងៗខ្លួន ឲ្យបានត្រឹមត្រូវ។
លោកស្នើថា អាជីវករ និងប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជនទាំងអស់ ត្រូវបញ្ចេញសំរាម ឬកាកសំណល់ផ្សេងៗ ត្រូវនាំយកមកគរទុកនៅលើចិញ្ចើមផ្លូវ នៅពេលយប់ ដើម្បីឲ្យក្រុមហ៊ុន KSWM មកប្រមូលសំរាមយកទៅចោលឲ្យបានទៀងទាត់។ ត្រង់ចំណុចនេះ លោក យន្ត មីន ស្នើដល់ប្រជាពលរដ្ឋ និងអាជីវករ នៅតាមទីតាំងនីមួយៗ មិនត្រូវបញ្ចេញកាកសំណល់សំរាម មកគរទុកចោលតាមចិញ្ចើមផ្លូវ នៅពេលថ្ងៃទៀតទេ ព្រោះនាំឲ្យបាត់បង់សោភ័ណភាពក្រុងធ្ងន់ធ្ងរ។
សារអំពាវនាវបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងអំឡុងពេលរូបលោក បានដឹកនាំមន្ត្រីរាជការ នៅតាមស្ថាប័នពាក់ព័ន្ធ ក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យ និងអប់រំណែនាំដល់ម្ចាស់ការដ្ឋាននានា អំពីបញ្ហាឡានដឹកដីធ្លាក់ប្រឡាក់ផ្លូវ, ការចោលកាកសំណល់សំរាម ពាសវាលពាសកាល និងបញ្ហាបណ្តាញខ្សែកាប និងខែ្សភ្ជាប់បណ្តាញអ៉ិនធឺណែត ដែលមានភាពរញ៉េរញ៉ៃ នៅតាមបង្គោលភ្លើង ដោយបានណែនាំ ដល់មន្ត្រីជំនាញកាត់ចេញ ទុកតែខ្សែណា ដែលនៅប្រើប្ស ដើម្បីរក្សាសោភ័ណភាពក្រុងព្រះសីហនុ ឲ្យបានប្រសើរឡើង។
បន្ថែមលើនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានណែនាំទៅម្ចាស់ការដ្ឋាន ឬមេការក្រុមហ៊ុនសំណង់មួយចំនួន ត្រូវសំអាតអនាម័យបរិស្ថាន នៅបរិវេណខាងមុខការដ្ឋាន របស់ខ្លួនឲ្យបានស្អាត។ ជាងនេះចំពោះម្ចាស់រថយន្តដឹកដី ក៏មិនត្រូវផ្ទុកដីលើសបរិមាណ ដែលនាំឲ្យហៀរកំពប់ដីប្រឡាក់ផ្លូវ និងនាំឲ្យខូចផ្លូវកៅស៊ូនោះទេ។
បញ្ហាទុកដាក់កាកសំណល់សំរាមខាងលើនេះ អភិបាលខេត្តព្រះសីហនុ បានស្នើដល់ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុទាំងអស់ ត្រូវវេចខ្ចប់ និងទុកដាក់សំរាម ឲ្យមានរបៀបរៀបរយ ហើយត្រូវបញ្ចេញសំរាមយកមកគរទុកនៅលើចិញ្ចើមផ្លូវ នៅពេលយប់ដើម្បីឲ្យព្រឹកឡើង បុគ្គលិកក្រុមហ៊ុនប្រមូលសំរាម ទៅប្រមូលយកទៅបោះចោលនៅទីលានចាក់សំរាម ឲ្យបានទៀងទាត់ និងមានភាពងាយស្រួល៕
\