(ភ្នំពេញ)៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ បានជួបពិភាក្សាការងារ ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចង់ដឹងពីការងារមួយចំនួន ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា។ លោកស្រី ក៏បានសម្តែងការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្កើតឲ្យមានច្រកចេញចូលតែមួយ នៅតាមខណ្ឌនិងរាជធានី ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោកស្រី រ៉ូណា ស្មីត បានដាក់ចេញជាសំណួរមួយចំនួន មកអាជ្ញាធររាជធានី ក្នុងនោះលោកស្រី បានចោទសួរលើបញ្ហា នៃការអនុវត្តតួនាទីភារកិច្ច រដ្ឋបាលរាជធានីភ្នំពេញ ដែលក្រសួងមហាផ្ទៃ ដាក់ឲ្យអនុវត្ត។ ក្នុងឱកាសនោះដែរលោក ឃួង ស្រេង បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចជាលើកដំបូង ក្នុងឆ្នាំ២០១៩ របស់លោកស្រី មកប្រទេសកម្ពុជា គឺចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៩ ខែឧសភា។
លោក ឃួង ស្រេង បានថ្លែងការអរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និយាយដោយឡែក រាជធានីភ្នំពេញ មានភាពជាដៃគូដែលមានសារៈសំខាន់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
តាមរយៈដំណើរទស្សនកិច្ចនេះ លោកជឿជាក់ថា នឹងនាំមកនូវកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរក្នុងការរួមចំណែកកែលម្អជីវភាព កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពរដ្ឋ ស្របតាមគោលការណ៍សហស្សវត្សរ៍ និងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលរបស់យើងខ្ញុំ។
ក្រៅពីនេះ លោក ឃួង ស្រេង បានលើកឡើងពីការអភិវឌ្ឍរីកចំរើនយ៉ាងខ្លាំង ចំពោះការរីកចម្រើនរបស់ រាជធានីភ្នំពេញ និងការកើនឡើងប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នៅបានបង្កើតឲ្យមានច្រកចេញចូលតែមួយ នៅតាមខណ្ឌទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងនូវបានបង្កើតឲ្យមានច្រកចេញចូលតែមួយ នៅថ្នាក់រាជធានីថែមទៀត។
លោកស្រី រ៉ូណា ស្មីត ក្នុងឱកាសនោះដែរ ក៏បានថ្លែងការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្កើតឲ្យមានច្រកចេញចូលតែមួយ នៅគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ និងបង្កើតឲ្យមានច្រកចេញចូលតែមួយ នៅថ្នាក់រាជធានីភ្នំពេញថែមទៀត។ នេះគឺជាការអនុវត្តការ នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋមួយដ៏ល្អ សម្រាប់រាជធានីភ្នំពេញ។ បន្ថែមពីលើនេះទៀត លោកស្រី ក៏បានស្នើឲ្យមានការបញ្ចេញមតិឲ្យមានតុល្យភាពគ្នា។
ជុំវិញការលើកឡើងនេះ លោក ឃួង ស្រេង បានថ្លែងថា ចំពោះការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ គឺរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិគ្រប់បែបយ៉ាង ដោយយើងបានបង្កើត ឲ្យមានទីលានប្រជាធិបតេយ្យមួយ ដើម្បីឲ្យពួកគាត់ធ្វើការតវ៉ា បានបញ្ចេញមតិ ។
លោកបន្តទៀតថា តាមការណែនាំរបស់ក្រសួងមហាផ្ទៃ គឺបានណែនាំឲ្យរាជធានី ខេត្តទូទាំងប្រទេសទាំងអស់ បង្កើតឲ្យមានទីលានប្រជាធិបតេយ្យមួយ នៅតាមបណ្ដារាជធានីខេត្ត របស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន បានធ្វើការតវ៉ា និងបានបញ្ចេញមតិ៕