(បាត់ដំបង)៖ រយ:ពេល២ថ្ងៃ នៅថ្ងៃទី១-២ ខែឧសភា ឆ្នាំ២០១៩ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង លោក កុល វីរក្ស បានដឹកនាំកម្លាំងនគរបាល មកពីស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអធិការស្រុក ប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរមូលដ្ឋានជិត ១០០នាក់ បានចុះជួយ រុះរើនិងជួសជុលផ្ទះប្រជាពលរដ្ឋ ២០៤គ្រួសារ នៅក្នុងឃុំរការនិងឃុំតាប៉ុនស្រុកសង្កែ ខេត្តបាត់ដំបង។
លោក កុល វីរក្ស សូមចូលរួមសោកស្តាយដល់អ្នករងគ្រោះទាំងអស់ផងដែរ និងបានក្រើនរំលឹកទៅប្រជាពលរដ្ឋរស់នៅឃុំរការ និងឃុំតាប៉ុន ស្រុកសង្កែ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ នៅពេលមានពេលមានភ្លៀងធ្លាក់ដែលនាំមកខ្យល់កន្ត្រាក់ឆក់យកបណ្តាលឲ្យខូចខាត របើកដំបូលផ្ទះ ដួលទាំងស្រុង ឬមានគ្រោះថ្នាក់ផ្សេងៗទៀត។
លោកបានបញ្ជាក់ថា ប្រជាពលរដ្ខរងគ្រោះនៅ ក្នុងឃុំរការមានចំនួន ៣៩គ្រួសារ និង១៦៥ គ្រួសារនៅឃុំតាប៉ុន ក្នុងនោះមាន ៥នាក់រងរបួសត្រូវ បានក្រុមការងារមូលដ្ឋានធ្វើដោះស្រាយ ជួយដឹក យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ជាមួយគ្នានេះដែរ លោក កុល វីរក្ស ក៏បានផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលមេឃងងិត ជិតរកភ្លៀង និងមានភ្លៀងម្តងៗ សូមឲ្យផ្អាកធ្វើការងារផ្សេងៗ នៅក្រៅផ្ទះ គឺត្រូវប្រញាប់ចូលក្នុងផ្ទះភ្លាមៗ ឬរូតរះរត់រកទីកន្លែងមានសុវត្ថិភាព ដើម្បីការពារខ្លួនកុំឱ្យមានគ្រោះថ្នាក់ ដោយសារគ្រោះធម្មជាតិជាយថា ហេតុណាមួយដូចជា ផ្គររន្ទះបាញ់ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ ជាពិសេសពេលមេឃកំពុងភ្លៀងត្រូវបិទទូរស័ព្ទ បិទវិទ្យុ កុំនៅក្រោមដើមឈើ និងជិតសារធាតុដែក ចៀងវាងកុំឱ្យស្រូបឆក់បង្កជារន្ទះបាញ់ជាដើម។
គ្រោះថ្នាក់ដោយសារខ្យល់កន្រ្តាក់នេះដែរ លោកប្រធានក្រុមការងារ បានជួយឧត្ថមជាសម្ភារ និងថវិកាមួយចំនួនដល់ជនរងគ្រោះទាំងអស់ និងនាំកងកម្លាំងចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋផងដែរ។
នៅក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិទាំងអស់ បានថ្លែងអំណរគុណដល់លោកប្រធានក្រុមការងារ ដែលតែងតែដឹងពីសុខទុក្ខ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងឃុំទាំង២ និងនៅស្រុកសង្កែទាំងអស់ ព្រមទាំងបានជួយប្រជាពលរដ្ឋដែលជួបការលំបាកបានទាន់ពេលវេលា គ្រប់កាលៈទេសៈរយ:ពេលកន្លងមកដល់បច្ចុប្បន្នផងដែរ៕