(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ប្រព័ន្ធកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ដ្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ តំណាងលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។
ថ្លែងក្នុងឱកាសនោះ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ពោលមានរយៈពេល១,០០០ថ្ងៃ ដែលថវិកាសរុបត្រូវផ្ទេរជូនស្ដ្រីក្រីក្រម្នាក់ ស្មើនឹង៧៦០,០០០រៀល។
បើតាមលោកស្រីរដ្ឋលេខាធិការ លក្ខខណ្ឌនៃការផ្ដល់ប្រាក់នេះ ត្រូវបានបែងចែកជា៣ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ៖ ពិនិត្យផ្ទៃពោះ៤ដង តាមកាលកំណត់ អំឡុងពេលមានផ្ទៃពោះ (ម្ដងៗទទួលបាន៤ម៉ឺនរៀល), ដំណាក់កាលទី២៖ ពេលសម្រាលទទួលប្រាក់ឧបត្ថម្ភម្ដងគត់ ចំនួន២០ម៉ឺនរៀល និងដំណាក់កាលទី៣៖ ពិនិត្យក្រោយពេលសម្រាល ៤ដងតាមកាលកំណត់សម្រាប់ម្ដាយ និងទារក និងបន្ដ៤ដងទៀត តាមកាលកំណត់សម្រាប់កូន (ម្ដងៗទទួលបាន៤ម៉ឺនរៀល)។
លោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់ថា ដើម្បីការអនុវត្តអាចដំណើរការបាន ក្រសួងនឹងបង្កើតប្រព័ន្ធ App ដែលអាចតម្លើងជាមួយទូរស័ព្ទដៃ (Smart Phone) និងកុំព្យូទ័រ ដែលអាចបង្កើត និងកំណត់កម្រិត នៃការប្រើប្រាស់ និងចំនួនអ្នកប្រើប្រាស់ ការបញ្ជូលព័ត៌មានអ្នកទទួលសេវា ការកត់ត្រាទិន្នន័យ ការបញ្ចូលទិន្នន័យ ទូទាត់ទៅប្រព័ន្ធបើកសាច់ប្រាក់ និងការបង្កើតរបាយការណ៍។
រដ្ឋលេខាធិការរូបនេះ ក៏បានបន្ថែមថា ប្រព័ន្ធនៃការផ្ទេរ និងការបើកសាច់ប្រាក់ និងអាចជ្រើសរើសធនាគារឯកទេសវីង ជាភ្នាក់ងារប្រតិបត្តិការផ្ទេរសាច់ប្រាក់ ដែលមានសាខារបស់ខ្លួនប្រមាណជាង៦,០០០កន្លែងទូទាំងប្រទេស។ ធនាគារឯកទេសវីង នឹងរៀបចំបើកគណនី និងការធ្វើកាតសម្រាប់ស្ដ្រីម្នាក់ៗ ដែលមានកំណត់អត្ដសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ អាចប្រើប្រាស់បានគ្រប់ទីកន្លែង និងមានរយៈពេលប្រើប្រាស់ប្រាំឆ្នាំ ហើយសាច់ប្រាក់ ដែលបានអនុម័តហើយ អ្នកទទួលផលអាចទៅដក ឬរក្សាទុកក្នុងគណនីសាមីខ្លួនបាន។
ជាមួយគ្នានេះ លោក សុខ សំអាង អគ្គនាយករដ្ឋបាល និងហរិញ្ញវត្ថុ នៃក្រសួងសុខាភិបាល បានលើកឡើងដែរថា ការបង្កើត App នេះឡើង គឺដើម្បីជួយសម្រួលដល់ការលំបាក របស់អង្គភាពមន្ទីរពេទ្យនៅតាមមូលដ្ឋានទាំងអស់ ដែលជួប និងពិនិត្យដោយផ្ទាល់ទៅលើស្ដ្រីក្រីក្រមានផ្ទៃពោះ។ ម្យ៉ាងទៀត ក្រសួងក៏ងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យចំពោះស្ដ្រីក្រីក្រមានផ្ទៃពោះ ដែលត្រូវផ្ដល់ថវិកាជូនផងដែរ៕