(ភ្នំពេញ)៖ បុរសម្នាក់ផឹកចំស្រាខ្លាំង បានដកកាំភ្លើងខ្លីដេញបាញ់សំដៅរថយន្តស៊េរីទំនើបចំនួន៥គ្រាប់ ក្បែរអធិការខណ្ឌច្បារអំពៅផ្អើល សមត្ថកិច្ចនិងប្រជាពលរដ្ឋទាំងកណ្តាលយប់។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៣ ស្ថិតនៅចំណុចអធិការខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនបង្ក ឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ និងប្រពន្ធ ទើបមកពីហូបអីនៅម្តុំផ្សារដើមគរ បន្ទាប់ពីហូបអី រួចពួកគាត់បានបើករថយន្តម៉ាក RANGE ROVER ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2U-4448 ចេញពីកន្លែងហូបអី លុះមកដល់ ចំណុចមុខមជ្ឈមណ្ឌលរ៉ក់ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក LEXUS RX350 ពណ៌ស ពាក់ស្លាកលេខសៀមរាប 2B-5153 បាន បើកមកពីក្រោយហើយស៊ីផ្លេររថយន្តរហូតដល់ហួសមុខមជ្ឈមណ្ឌលរ៉ក់។ រថយន្តជនរងគ្រោះបានឈប់ ហើយចុះលើរថយន្តសួរទៅអ្នកបើករថយន្ត LEXUS RX350 ថា «មានបញ្ហាអ្វី ហេតុអីបានដេញតាមស៊ីផ្លេររថយន្តរបស់ខ្ញុំរហូតចឹង?» ហើយភ្លាមៗនោះបុរសដែលជា អ្នកបើករថយន្តស៊ីផ្លេរ ដោយសភាពស្រវឹងស្រាជោគជាំបានចុះមក និងបានដកកាំភ្លើងខ្លីមួយដើមតែភ្លាមៗនោះ ក៏ត្រូវអ្នករួមដំណើរជាមួយ ដកកាំភ្លើងទុកវិញរួចបាននិយាយទៅកាន់ជនរងគ្រោះថា «អាអូនឯងជាអីគេ ហើយអាអូនឯងទៅដេកអត់?»។ ភ្លាមៗនោះជនរងគ្រោះ បាននិយាយតបវិញថា «រឿងរបស់ខ្ញុំមានពាក់ព័ន្ធអីជាមួយបងឯង»។ ពេលនោះស្រាប់តែជនបង្កបានប្រាប់វិញថា «អើ! បើហែងទៅដេក ក៏ទៅដេកទៅ»។ ជនរងគ្រោះបានដឹកដៃប្រពន្ធឡើងជិះរថយន្តចេញទៅ ដើម្បីធ្វើដំណើរទៅខណ្ឌចំការមន។ ខណៈពេលដែលកំពុងតែធ្វើ ដំណើរសុខៗស្រាប់តែជនបង្កបានបើករថយន្តដេញ តាមរហូតមកដោយបើករថយន្តប្រដេញតាមកាក់ជាច្រើនដង ក៏ជនរងគ្រោះបានឈប់ រថយន្តភ្លាមៗនោះជនបង្កបានស្រែកហៅជនរងគ្រោះឲ្យទៅខណ្ឌច្បារអំពៅទាំងអស់គ្នា ហើយជនរងគ្រោះក៏មិនប្រកែកនោះទេ ថែមទាំង ព្រមបើករថយន្តទៅជាមួយគ្នាទៀត។
ខណៈពេលដែលបើករថយន្តដល់ចំណុចជំហៀងអធិការខណ្ឌច្បារអំពៅ ស្រាប់តែជនបង្កបានបើករថយន្តកាក់ពីមុខរថយន្តជនរងគ្រោះ ហើយបានចុះពីរថយន្ដបានដកកាំភ្លើងខ្លីមួយដើម រួចធ្វើសកម្មភាពបាញ់ទៅលើរថយន្តជនរងគ្រោះចំនួន៥គ្រាប់ បណ្ដាលឲ្យបែកកញ្ចក់រថយន្តខាងក្រោយ។ ចំណែកឯប្រពន្ធរបស់ជនរងគ្រោះបានសន្លប់បាត់ស្មារតី ត្រូវដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។ បន្ទាប់ពីធ្វើសកម្មភាព បាញ់រួចជនបង្កបានបើករថយន្តចេញពីកន្លែងកើតហេតុរត់គេចទៅបាត់តែម្ដង។ ប៉ុន្តែមិនបានប៉ុន្មានផង ស្រាប់តែលេចមុខជនបង្កបានបើក រថយន្តមកឈប់ពីមុខអធិការខណ្ឌច្បារអំពៅ ភ្លាមៗនោះត្រូវសមត្ថកិច្ចធ្វើឃាត់ខ្លួន យកចូលអធិការខណ្ឌតែម្ដង។
បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចអធិការខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួន ដើម្បីយកមកសួរនាំ និងចាត់វិធានការទៅតាមផ្លូវច្បាប់ផងដែរ៕