(ភ្នំពេញ)៖ ទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចេញសេចក្តីថ្លែងការណ៍ដោយ ប្រកាសសូមចូលរួមជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិនៅគ្រប់ទិសទីជុំវិញពិភពលោក ដោយសម្តែងការអបអរសារទរ សូមលើកទឹកចិត្តអ្នកសារព័ត៌មានប្រកាន់ស្មារតី «សារព័ត៌មាន ដើម្បីបុព្វហេតុសេរីភាព ឧត្តមប្រយោជន៍ជាតិ ពិភពលោកសន្តិភាពនិងយុត្តិធម៌»។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមយកឱកាសនេះ លំឱនកាយគោរពដល់វិញ្ញាណក្ខ័ន្ធនិង វីរភាពរបស់អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុសេរីភាពសារព័ត៌មាន។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមធ្វើការកត់សំគាល់ថា ពិភពលោកបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពពហុប៉ូល និងកំពុងប្រឈមនឹងជម្លោះភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងរវាងមហាអំណាចឥតឈប់ឈរ ដែលងាយបង្ករជាផលវិបាកដល់ប្រទេសតូច និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងស្ថានការណ៍នេះ សារព័ត៌មាន ក៏ត្រូវបានបំភ័ន្ត និងប្រើប្រាស់ជាអំណាចទន់ជួរមុខបម្រើដល់ផលប្រយោជន៍នៃភូមិសាស្ត្រនយោបាយផង ជាឧបករណ៍នៃសមរភូមិសាធារណៈមតិផង។ ឥទ្ធិពលនៃភូមិសាស្ត្រ នយោបាយ បង្កើតឲ្យមានការរីកសាយភាយ ព័ត៌មានក្លែងក្លាយ បំផុសបដិវត្តន៍ពណ៌ ការញុះញុងបែកបាក់សង្គមជាតិ និងសង្គ្រាមស៊ីវិលរាំរ៉ៃ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ទទួលស្គាល់ថា សារព័ត៌មានក្នុងយុគសម័យបច្ចេកវិទ្យា ពិតជាប្រឈមជាមួយការរីកសាយភាយនៃព័ត៌មានក្លែងក្លាយ។ ក៏ប៉ុន្តែ យើងត្រូវមានជំនឿថា ព័ត៌មានក្លែងក្លាយ នឹងបាត់តម្លៃហើយស្លាប់ នៅពេលព័ត៌មានពិតបានបញ្ចេញ។ ទីបំផុតគឺមានតែព័ត៌មានពិត គឺជាអំណាច ដែលមានគុណតម្លៃរួមចំណែក កសាងទំនួលខុសត្រូវសង្គម៕