(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកកាបាទក្រហមខេត្ត បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៣៨ខ្នង ស្មើនឹង៣៨គ្រួសារ នៅភូមិស្រែចិន្ដា និងភូមិស្វាយពក ឃុំព្រះស្រែ ស្រុកឧដុង្គ។
លោក វ៉ី សំណាង បានថ្លែងថា តាមរយៈការជូនការព្យាករណ៍របស់ក្រសួងធនធានទឹក ឆ្នាំនេះមានកម្តៅកើនឡើង មានភ្លៀង និងខ្យល់កន្ទ្រាក់ ដូច្នេះទាមទារឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិឲ្យបានខ្ពស់បំផុត។
លោកបានលើកឡើងទៀតថា កាកបាទក្រហមកម្ពុជាបានចូលរួមសោកស្តាយចំពោះគ្រោះធម្មជាតិនេះ និងតែងបានគិតគូរពីសុខទុក្ខជាប្រចាំចំពោះសុខភាព ព្រមទាំងការរស់រាល់ថ្ងៃតាមរយៈការតាមដានជាប្រចាំរបស់មន្ត្រីកាកបាទក្រហមនៅតាមមូលដ្ឋាន ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។
គួរជម្រាបថា នៅថ្ងៃនេះដែរលោក វ៉ី សំណាង បានបន្តដំណើរដឹកនាំក្រុមការងា និងមន្រ្តីជំនាញចុះពិនិត្យមើល និងបើកទ្វាទឹកស្ថានីយ៍ទំនប់អន្លង់ជ្រៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ដើម្បីឲ្យមានទឹកសម្រាប់ពលរដ្ឋប្រើប្រាស់ផងដែរ៕