(កំពង់ចាម)៖ ដោយអនុវត្តតាមផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល និង ការដឹកនាំរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលខេត្តកំពង់ចាម បានបង្ក្រាបគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ៨នាក់ជាបន្ដបន្ទាប់ និងដកហូតបានថ្នាំញៀនមួយចំនួន។
ស្នងការនគរបាលខេត្ដកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងដោយនៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី៣០ ខែមេសា ដោយកម្លាំងជំនាញស្រុកស្ទឹងត្រង់ បានល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចភូមិអូរលើ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ រួចឃាត់ខ្លួនជនសង្ស័យ ឈ្មោះ មិះ ឈុនអ៊ី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ។ ក្នុងនោះ ដកហូតបានម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន១កញ្ចប់ ទូរស័ព្ទ១គ្រឿង និងម៉ូតូ១គ្រឿង។
លោកឧត្តមសេនីយ៍ស្នងការ បានបន្ដថា លុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកស្ទឹងត្រង់ និងចំការលើ បានបន្តធ្វើការស្រាវជ្រាវ និងបន្តកិច្ចប្រតិបត្តិការនៅ ចំណុចភូមិប្រមាត់ដី ឃុំស្វាយទាប ស្រុកចំការលើ បានបង្ក្រាបឃាត់ខ្លួនមុខសញ្ញាចែកចាយ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ចំនួន៧នាក់ទៀត។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងជំនាញដកហូតបាន ម្សៅក្រាមសសង្ស័យថ្នាំញៀន ចំនួន៧កញ្ចប់ធំ, ទូរស័ព្ទ៨គ្រឿង, ម៉ូតូ៤គ្រឿង និងកាំបិតចុងស្រួច២ដើម។ បច្ចុប្បន្នជនសង្ស័យទាំងអស់នោះ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ជាមួយវត្ថុតាងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្ដតាមនីតិវិធី៕