(ត្រាត-ថៃ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន បានអញ្ជើញជួបពិភាក្សាជាមួយភាគីថៃ នៅទីបញ្ជាការយោធាខេត្តត្រាត ដែលដឹកនាំដោយលោកវរសេនីយ៍ ប្រាក់ជួប គិរីថង នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។
នៅក្នុងកិច្ចពិភាក្សានេះ យោធាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានផ្ដោតសំខាន់ទៅលើកិច្ចការ ការងារសន្តិសុខព្រំដែន ការបង្ការបទល្មើសតាមព្រំដែន និងការទំនាក់ទំនងល្អរវាងភាគីកម្ពុជា និងភាគីថៃ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា បានស្នើឲ្យភាគីថៃ មេត្តាយោគយល់ និងអធ្យាស្រ័យឲ្យបានខ្ពស់ ក្នុងការបង្ក្រាបប្រជាពលរដ្ឋខ្មែរ ដែលចូលទៅខុសច្បាប់ ឬកាប់ឈើនៅក្នុងទឹកដីថៃ ធ្វើយ៉ាងណាកុំឲ្យមានការបាញ់សម្លាប់ដូចកាលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩កន្លងទៅ និងពេលមុនបន្តទៀត។
គួរជម្រាបថា កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅដោយរលូន និងរីករាយបំផុត ដែលបង្ហាញឲ្យឃើញនៅចំណងមេត្រីភាព និងការទំនាក់ទំនងល្អ រវាងព្រំដែនទាំងពីរកម្ពុជា និងថៃ ស្របទៅតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បង្កើតបានជាព្រំដែនមួយ ដែលមានសុខសន្តិភាព និងការអភិវឌ្ឍ៕