(ព្រៃវែង)៖ វិធានការរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានណែនាំដល់ប្រជាកសិករ ដាំបន្លែ និងវិធានការមួយចំនួន ទប់ទល់នឹងបន្សាំ ក្នុងការបម្រែបម្រួលអាកាសធាតុ ពិសេសក្នុងស្ថានភាពកំដៅកើនឡើង។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ថា នៅក្នុងស្ថានភាពអាកាសធាតុ ក្តៅខ្លាំងនេះ ក្រសួងកសិកម្ម បានណែនាំឲ្យគ្រប់មន្ទីរទាំងអស់ ត្រូវយកចិត្ត ទុកដាក់ ចុះណែនាំដល់កសិករនៅគ្រប់មូលដ្ឋាន ដើម្បីឲ្យពួកគាត់មានវិធានការទប់ទល់ នឹងការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់ដំណាំ។
ក្នុងនោះ មន្ទីរបានដាក់វិធានការសំខាន់ៗ មួយចំនួនរួមមាន៖
១៖ ត្រូវអនុវត្ត ដាំបន្លែ នៅជិតប្រភពទឹក ឬនៅទីតាំង មានប្រភបទឹកគ្រប់គ្រាន់
២៖ គួរដាំ ដំណាំនៅក្នុងផ្ទះសំណាញ់ ចំពោះកសិករទាំងឡាយណាដែលមានផ្ទះសំណាញ់ ដើម្បីកាត់បន្លយកំដៅ
៣៖ គួរធ្វើរោងបែបសាមញ្ញ ប្រកពីស្លឹកដូងស្លឹកត្នោត ឬសម្ភារទាំងឡាយណា ដែលអាចជួយសម្រួលកាត់បន្លយកំដៅបាន
៤៖ អាចប្រើសំណាញ់ ដែលមានតម្លៃធូថ្លៃ នឹងអាចរកទិញបាននៅក្នុងមូលដ្ឋាន ដើម្បីគ្របកាត់បន្ថយកំដៅ
៥៖ ត្រូវកាត់បន្ថយការប្រើប្រាស់ជីគីមី ឬថ្នាំគីមី ឲ្យបានជាអតិបរិមា ហើយងាកមកប្រើជីធម្មជាតិ ជំនួសវិញ
៦៖ ត្រូវប្រើប្រាសចំបើងគ្របគល់ដំណាំ ដើម្បីរក្សាសំណើមឲ្យត្រជាក់គល់ដំណាំបានយូ
៧៖ ចំពោះកសិករមានលទ្ឋភាព អាចប្រើប្រាស់ប្រពន្ឋ័តំណក់ទឹក លើដំណាំ ប្ញ ប្រពន្ឋ័ ស្រោចស្រព ជាលក្ខណ បាចសាច
៨៖ បើមានប្រភពទឹក នឹងលទ្ធភាពគ្រប់គ្រាន់ ត្រូវឧស្សាហ៍បាញ់ទឹក លើស្លឹកដំណាំ ដើម្បីកាត់បន្ថយកំដៅ នឹងដើម្បីកុំឲ្យ ដំណាំទទួលរងនូវការរួញស្លឹកពីឥទ្ធិពលកំដៅ
៩៖ ប្រើប្រាស់ កៅស៊ូ ផ្លាស្ទិច គ្របរងដំណាំ ដើម្បីរក្សាសំណើម និងកាត់បន្ថយ ស្មៅចង្រៃ។
លោក ក៏បានបញ្ជាក់ដែរថា ក្រៅពីការចុះណែនាំ និងផ្តល់វិធីខាងលើនេះ កសិករដាំបន្លែ ត្រូវជ្រើសរើសពូជណា ដែលធុន នឹងអាការធាតុ ហើយកត្តាអាកាសធាតុនេះ ខេត្តព្រៃវែង ក៏បានដាំបន្លែថយចុះ ដែលពីមុនដាំបន្លែប្រមាណ ជាង៤០០ហិកតា បានធ្លាក់មកនៅត្រឹមតែប្រមាណ ជាង២០០ហិកតាប៉ុណ្ណោះ ដែលជាប្រភេទបន្លែធុននឹងអាកាសធាតុ៕